
រដ្ឋធានីណៃពិដោ៖ អតីតមេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ គឺមានសុខភាពល្អ ខណៈម្ចាស់ពានរង្វាន់ណូបែលពិភពលោករូបនេះឈានដល់វ័យ ៧៩ឆ្នាំហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា។

លោកស្រី ស៊ូជី ត្រូវបានរបបយោធាចាប់ឃុំខ្លួនចាប់តាំងពីខ្លួនបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី និងបានដណ្តើមអំណាចនៅឆ្នាំ២០២១ ដោយបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងភាពចលាចល។ ម្ចាស់ជ័យលាភីណូបែលរូបនេះកំពុងជាប់ទោស ២៧ឆ្នាំ ដែលដាក់ដោយតុលាការរបបយោធា។ អ្នកនាំពាក្យរបបយោធាលោក ស មីនទុន (Zaw Min Tun ) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ៖«តាមខ្ញុំដឹង លោកស្រីមានសុខភាពល្អ និងរស់នៅកន្លែងដែលយើងរៀបចំឱ្យលោកស្រីដូចកាលពីមុនអ៊ីចឹង»។ លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅក្នុងបរិវេណពន្ធនាគារដែលត្រូវបានសាងសង់ឡើងយ៉ាងពិសេសក្នុងរដ្ឋធានីណៃពិដោ ដែលសាងសង់ដោយរបបយោធា។

លោកស្រី ស៊ូជី ដែលនៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេលាក់កម្បាំងស្ទើរតែមិនឱ្យឃើញស្រមោលចាប់តាំងពីរដ្ឋប្រហារមក ដោយលោកស្រីបង្ហាញខ្លួនតែនៅក្នុងរូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលថតបានក្នុងអំឡុងពេលដំណើរការតុលាការប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មួយរយៈចុងក្រោយនេះលោកស្រីបានទទួលរងនូវអាការៈវិលមុខ និងក្អួត ហើយពេលខ្លះមិនអាចបរិភោគបានដោយសារតែការឆ្លងមេរោគធ្មេញ។ ដោយឡែក កូនប្រុសរបស់លោកស្រីឈ្មោះ គីម អារីស (Kim Aris) បានប្រាប់ AFP ថា លោកមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពជំងឺម្តាយរបស់លោក ដោយសារតែលោកស្រីមានអាយុច្រើន និងបញ្ហាសុខភាពដែលកំពុងបន្តយាយី៕




