មន្ទីរបរិស្ថានកំពង់ស្ពឺថា ការផ្សាយរិះគន់មន្ត្រីខ្លួនយកលុយភ្ញៀវទៅ«គិរីរម្យ» គឺជាការចោទប្រកាន់
អុន សម្ផស្ស
21 មិថុនា 2024 11:30 AM

រាជធានីភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺមួយច្បាប់ឆ្លើយតបទៅកាន់ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យចាំយកលុយឡើងភ្នំគិរីរម្យ មិនលើកលែងសូម្បីព្រះសង្ឃ រីឯស្ពានធ្វើដំណើរឡើងទៅ«គិរីរម្យ»វិញ គឺទ្រុឌទ្រោមខ្លាំង ខណៈមន្ទីរបរិស្ថានខេត្តយល់ថា នេះជាការផ្សាយចោទប្រកាន់មន្ត្រីខ្លួន...។

មន្ទីរបរិស្ថានអះអាងថា៖«នៅក្នុងពេលថ្មីៗនេះ មានបណ្តាញសង្គមមួយ ដែលបានបង្ហោះវីឌីអូ និងរូបភាពចោទប្រកាន់ មកលើមន្ត្រីការិយាល័យឧទ្យានជាតិព្រះសុរាម្រិត- កុសុមៈ [គិរីរម្យ]»។ មន្ទីរបរិស្ថាន ថែមទាំងបញ្ជាក់ថា ការប្រមូលចំណូលបណ្តោះអាសន្នលើការលក់សំបុត្រ ចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» គឺធ្វើឡើងសម្រាប់តែភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរតាមរថយន្តតូច ទោចក្រយានយន្ត ចូលទស្សនាក្នុងឧទ្យានជាតិប៉ុណ្ណោះ ស្របតាមនីតិវិធីនៃប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសៀវភៅបន្ទុក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

ដោយឡែក មន្ទីរថា ចំពោះស្ពានដែលមើលទៅឃើញមានស្ថានភាពទ្រុឌទ្រោមនោះក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសាងសង់ជាស្ពានថ្មថ្មី។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងសិក្សា និងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងការបំភ្លឺនេះដែរ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏បានស្នើដល់ម្ចាស់បណ្តាញសារព័ត៌មានសង្គមដែលបានផ្សព្វផ្សាយព័ត៌មាន ធ្វើការកែ ឬបញ្ឈប់ការចុះផ្សាយរបស់ខ្លួនបើពុំនោះទេ មន្ទីរបរិស្ថានខេត្ត នឹងចាត់វិធានការច្បាប់។ ដោយមន្ទីរចាត់ទុកថា ការផ្សាយនោះនាំឱ្យសាធារណជនមានការភាន់ច្រឡំលើភាពស្របច្បាប់របស់មន្ត្រីបរិស្ថាន។

គួរកត់សម្គាល់ថា ការបំភ្លឺរបស់មន្ទីរបរិស្ថាននេះ ធ្វើឡើងក្រោយថ្មីៗនេះ តាមបណ្តាញសង្គមមានការផ្សព្វផ្សាយថា អ្នកចង់ឡើងភ្នំគិរីរម្យត្រូវបង់ប្រាក់សម្រាប់រថយន្តតូច ១ម៉ឺនរៀល រីឯម៉ូតូ១គ្រឿង២ពាន់រៀល។ មិនទាន់រាប់រថយន្តក្រុង រថយន្តតូរីស តែផ្លូវថ្នល់ និងស្ពានទ្រុឌទ្រោម ខុសពីភ្នំបូកគោផ្លូវស្មើល្អ ស្ពានបេតុងរឹងមាំអត់តម្រូវឱ្យបង់ប្រាក់សូម្បី១សេន។ ការផ្សាយនោះបានបញ្ជាក់ទៀតថា ទីតាំងត្រូវបង់ប្រាក់ នៅចំណុចកុងត្រូលចង្កេះភ្នំគីរីម្យហើយមិនលើកលែងសូម្បីព្រះសង្ឃ ពេលខ្លះមិនឱ្យវិក័យប័ត្រ ទាល់តែគេទាមទារ អ្នកខ្លះក៏មិនចាប់អារម្មណ៍បង់ប្រាក់ហើយក៏មិនយកវិក្កយបត្រ រីឯវិក័យប័ត្រនោះសឹករលុបមើលមិនចង់ស្គាល់ និងអត់សរសេរថ្ងៃខែឆ្នាំទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត