របាយការណ៍មួយបង្ហាញថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័នឈានដល់កំណត់ត្រាក្នុងឆ្នាំ២០២៣
N
Nary Vann
20 មិថុនា 2024 11:30 AM

រដ្ឋធានីឡុងដ៍៖ យោងតាមរបាយការណ៍ត្រួតពិនិត្យស្ថិតិនៃថាមពលពិភពលោករបស់ឧស្សាហកម្មដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២០មិថុនា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលសកល និងការបំភាយឧស្ម័នបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលាក្នុងឆ្នាំ២០២៣ ទោះបីជាមានការថយចុះតិចតួចនៃសមាមាត្រឥន្ធនៈហ្វូស៊ីលក្នុងល្បាយថាមពលរបស់ពិភពលោកក៏ដោយ។

របាយការណ៍បង្ហាញថា តម្រូវការកើនឡើងនៃឥន្ធនៈហ្វូស៊ីលអាចជាឧបសគ្គសម្រាប់ការផ្លាស់ប្ដូរទៅរកថាមពលកាបូនទាប ដោយសារសីតុណ្ហភាពពិភពលោកកើនឡើងដល់១,៥អង្សា អាចនាំឱ្យមានផលប៉ះពាល់ដូចជា កំណើនសីតុណ្ហភាព គ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែធ្ងន់ធ្ងរ។ របាយការណ៍នេះមានគោលបំណងជួយរដ្ឋាភិបាល មេដឹកនាំពិភពលោក និងអ្នកវិភាគឆ្ពោះទៅមុខជាមួយនឹងការយល់ដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមនាពេលខាងមុខ។ របាយការណ៍នេះ ក៏បានគូសបញ្ជាក់ផងដែរនូវឆ្នាំដំបូងនៃរំហូរថាមពលរបស់រុស្ស៊ីដែលបានផ្លាស់ប្ដូរចេញពីលោកខាងលិច បន្ទាប់ពីការលុកលុយរបស់រដ្ឋធានីមូស្គូលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងពេញមួយឆ្នាំដំបូងដោយគ្មានការរឹតបណ្តឹងចលនាសំខាន់ៗដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩។

ការប្រើប្រាស់ថាមពលបឋមសកល បានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា ជាមួយនឹងការបំភាយឧស្ម័នលើសពី៤០ជីហ្គាតោននៃកាបូនឌីអុកស៊ីតជាលើកដំបូង។ របាយការណ៍នេះ បានកត់ត្រាការផ្លាស់ប្ដូរនិន្នាការនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅក្នុងតំបន់ផ្សេងៗគ្នា ដោយចំណែកឥន្ធនៈហ្វូស៊ីលរបស់អឺរ៉ុបបានធ្លាក់ចុះក្រោម៧០ភាគរយ ជាលើកដំបូងចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម។ ឥន្ធនៈហ្វូស៊ីលមានកំណើនតម្រូវការស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ខណៈពេលដែលនៅក្នុងប្រទេសចិន ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបានកើនឡើង៦ភាគរយដល់កម្រិតខ្ពស់ថ្មីមួយ។ ទោះជាយ៉ាងណា ប្រទេសចិនក៏មានចំណែកលើសពីពាក់កណ្តាលនៃការបន្ថែមពិភពលោកនៅក្នុងការផលិតថាមពលកកើតឡើងវិញកាលពីឆ្នាំមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត