ពលរដ្ឋ២៧គ្រួសារស្ម័គ្រចិត្តប្រគល់សំពត់ហូល-ផាមួងបុរាណ ដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
អុន សម្ផស្ស
20 មិថុនា 2024 07:00 AM

ខេត្តសៀមរាប៖ ក្នុងបំណងថែរក្សាវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ប្រជាពលរដ្ឋចំនួន២៧គ្រួសាររស់នៅ ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ បានស្ម័គ្រចិត្តប្រគល់សមុច្ច័យចំនួន៤៤ ដល់ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប…។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះថា កាលពីពេលថ្មីៗនេះក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ពីប្រជាពលរដ្ឋយកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ ដើម្បីតាំងបង្ហាញជូនសាធារណជន បានទស្សនា និងសិក្សាស្វែងយល់។ សមុច្ច័យចំនួន៤៤នោះរួមមាន៖ ហូលពិតាន៣ សំពត់ហូល១៧ សំពត់ផាមួងលាត៥ សំពត់អន្លូញ៤ អាវផាមួង៤ អាវហូល៥ កន្សែងហូលពានាចំនួន២ កាបូបហូល២ ក្រណាត់ហូល១ និងក្រមាសូត្រ១

គួរជម្រាបថា សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានលក្ខណពិសេសជាងសារមន្ទីរផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារសារមន្ទីរនេះមានតាំងបង្ហាញកីតម្បាញមកពីប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌា ប្រទេសឡាវ ប្រទេសភូមា ដោយឧបករណ៍ទាំងនោះមានលក្ខណៈពិសេសរៀងៗខ្លួន ដោយបច្ចេកទេសធ្វើឡើងទៅតាមលក្ខខណ្ឌបរិបទនៃបរិស្ថានផ្សេងៗគ្នា។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤រសៀល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត