ក្រណាត់ហូល-ផាមួងដែលមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ​ នឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
យិត​​ ស្រីល័ក្ខ
07 កុម្ភៈ 2024 01:00 AM

ខេត្តសៀមរាប៖​​​​​ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងតាំងបង្ហាញសមុច្ច័យជា ហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ ដែលក្រណាត់ហូល-ផាមួងខ្លះ មានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ។ ពិព័រណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ មានរយៈពេល៦ខែ។​​ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ...។

លោក សែន គឹមស៊ុន នាយករងស្ដីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នេះជាដំណាក់កាលទី១ នៃការរៀបចំពិព័រណ៍សារមន្ទីរ បានរើសសមុច្ច័យចំនួន២១ក្នុងចំណោម៥១។ សមុច្ច័យខាងលើសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។ ក្រុមការងារសារមន្ទីរបានទៅទទួលសមុច្ច័យទាំងនោះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។​​ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស​ សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់ហូលផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។​​

lលោក​​ គឹមស៊ុន នាយករងស្ដីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា
lលោក​​ គឹមស៊ុន នាយករងស្ដីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា

ជាមួយគ្នានោះ​​ នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ក៏បានអំពាវនាវដល់សាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយ​ក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល-ផាមួងរបស់អ្នកស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ សូមជម្រាបថា​ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានចាប់ផ្តើមកសាងឡើងកាលពីឆ្នាំ២០១០ដល់ឆ្នាំ២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួមមានដូចជា៖ ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត