ក្រសួងមហាផ្ទៃ ដាក់ឱ្យសាកល្បងសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ
អុន សម្ផស្ស
19 មិថុនា 2024 09:44 AM

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនភាពងាយស្រួលដល់ពលរដ្ឋអាចស្នើសុំធ្វើលិខិតឆ្លនដែន។ នេះបើយោងសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ។

លិខិតដដែលបង្ហាញថា ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code មានភ្ជាប់ក្នុងលិខិតជូនដំណឹង ដើម្បីបំពេញបែបបទ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្ថែមថា ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬសាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ (តាមប្រព័ន្ធខាងលើ) និងឯកសារយោង។

ដោយឡែក ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ។ គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ម៉្យាងវិញទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវា។

គួរជម្រាបថា នៅកម្ពុជាលិខិត​ឆ្លងដែន ត្រូវបានបែងចែកជា៣ប្រភេទរួមមាន៖ លិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ និងលិខិតឆ្លងដែនធម្មតា។ យ៉ាងណាការដាក់ឱ្យដំណើរការសាកល្បងសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញនាពេលនេះរបស់ក្រសួងក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត