
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ធីភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន…។

ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំរាជធានី-ខេត្ត ការិយាល័យអប់រំនៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ត្រូវអនុវត្តតាមវិធានការបីចំណុចធំៗរួមមាន៖ ទី១.អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ធីភី ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។ ទី២.ហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារីអេឡិចត្រូនិក និងផលិតផល អេចម៍ធីភី ខាងក្នុង និងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។ ទី៣.សហការជាមួយមាតា បិតា ឬអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធកំណត់មុខសញ្ញាទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក និងផលិតផល អេចន៍ធីភី ដើម្បីរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សេចក្តីណែនាំរបស់ក្រសួងនាពេលនេះធ្វើឡើង ក្នុងគោលបំណងទប់ស្កាត់ការផ្សព្វផ្សាយ និងការអូសទាញយុវវ័យតាមបណ្តាញសង្គមនានាឱ្យ ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ធីភី។ ក្រសួងសង្កត់ធ្ងន់ថា បារីអេឡិចត្រូនិក និងផលិតផល អេចន៍ធីភី មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺបេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យព្រមទាំងបង្កអន្តរាយដល់រាងកាយ។

យ៉ាងណាមិញ បើតាមក្រសួងសុខាភិបាល បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យញៀនខ្លាំងបង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។ នីកូទីន ក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

គួររំឭកថា កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅកម្ពុជា ដោយហេតុថា ផលិតផលនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត៕




