ធឿន ធារ៉ា ប្រកាសស្វាគមន៍ អូម៉ាស៊ាំ ខណៈទើបនឹងដណ្ដើមបានខ្សែក្រវាត់ IPCC គុនខ្មែរអំបោះឆៅលើកដំបូងក្នុងអាជីព
ជួន ចាន់ម៉ារ៉ាឌី
15 មិថុនា 2024 06:00 AM

គុនខ្មែរ៖ អ្នកចម្បាំងខ្មែរអង្គរដែលមានរហស្សនាមអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានផ្ដួលកីឡាករជើងខ្លាំងនៃអ្នកចម្បាំងខ្លាឃ្មុំទឹកកកឱ្យបោះបង់ការប្រកួតនៅពាក់កណ្តាលទឹកទី៣ ដណ្ដើមបានខ្សែក្រវាត់ IPCC គុនខ្មែរអំបោះឆៅ មួយខ្សែ ពីសង្វៀន King Of The Ring របស់ស្ថានីយទូរទស្សន៍ប៍ថោន កាលពីរាត្រីថ្ងៃទី១៤មិថុនា ឆ្នាំ២០២៤យប់ម្សិលមិញ។ យ៉ាងណា អំឡុងពេលថ្លឹងគីឡូ ធឿន ធារ៉ា បានថ្លែងប្រាប់ SBM News ជុំវិញសំណើរបស់អ្នកលេងគុនខ្មែរហ្វឹកហាត់នៅបារាំង អូម៉ាស៊ាំ ដែលចង់ជួប ហើយអាចទទួលប្រកួតបានគ្រប់ទម្រង់ទាំងអស់ រួមទាំងការប្រកួតដាក់ខ្សែក្រវាត់ផងដែរ...។

សង្វៀនគុនខ្មែរ King Of The Ring របស់ស្ថានីយទូរទស្សន៍ថោន ពិតជាកក្រើកខ្លាំងដែលមានអ្នកទស្សនាលើបណ្តាញសង្គមហ្វេសប៊ុកប្រមាណជាង២សែននាក់ និងអ្នកទៅទស្សនាផ្ទាល់រាប់ពាន់នាក់បន្ថែមទៀតផងដែរ។ ការប្រកួតលក្ខណៈអំបោះឆៅ និងហ្កង់ចេញម្រាម ឬហ្កង់MMA ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរអំបោះឆៅ២ខ្សែ ដាក់ឱ្យកីឡាករកម្ពុជា-បរទេសដណ្ដើម គឺជាលទ្ធផលកីឡាករគុនខ្មែរក្រសោបយកទាំងអស់ ពោលគឺខ្សែក្រវាត់ទី១ ដណ្ដើមបានដោយកីឡាករ ម៉ឺន មេឃា តាមរយៈការផ្ដួលដៃគូឱ្យបោះបង់ការប្រកួតនៅចុងទឹកទី២ តាមរយៈការប្រើក្បាច់ហនុមានជ្រែកពពក ឬជង្គង់ហោះ ចូលចំពេញកណ្ដាលភក្រ្តាកីឡាករជប៉ុន កេនតា សន្លប់បាត់មាត់ឈឹងរហូតលោកគ្រូពេទ្យសង្គ្រោះបឋមភ្លាមៗ។

ដោយឡែក សម្រាប់កីឡាករមហាជឿជាក់២០០ភាគរយនៃអ្នកចម្បាំងខ្លាឃ្មុំទឹកកក អាឡិចសាន់ដឺ មកពីរុស្ស៊ី ​ក៏មានវាសនាមិនខុសពីកីឡាករជប៉ុនប៉ុន្មានដែរ ដោយអ្នកលេងពូថៅដៃពិឃាដជាអ្នកគ្រងខ្សែក្រវាត់ IPCC គុនខ្មែរអំបោះឆៅ ដូចគ្នា បន្ទាប់ពីរូបគេបបួលគ្នាលេងអាវុធធ្ងន់ៗទៅមក។ កីឡាករ ធឿន ធារ៉ា បានផ្ដល់អនុស្សវារីយ៍ជូរចត់ ជូនដល់កីឡាកររុស្ស៊ី ដោយមានទាំងផ្លែកែង ជង្គង់ កណ្ដាប់ដៃ និងរន្ទះជើងមហាទម្ងន់ រហូតលោកអាជ្ញាកណ្ដាលរាប់៣ដងក្នុងមួយប្រកួតនេះ ពោលគឺទឹកទី១រាប់ដល់៨ម្ដង និងរាប់ដល់៨ពីរដងនៅទឹកទី៣ ចុងក្រោយលោកអាជ្ញារកណ្ដាល ម៉ាក់ សាមឿន សម្រេចប្រើឆន្ទានុសិទ្ធិបញ្ឈប់ការប្រកួតភ្លាមៗ បន្ទាប់ពីឃើញថា កីឡាករ​ អាឡិចសាន់ឌឺ លេចចេញអាការមិនអាចបន្តការប្រកួតទៀតបាន។

តាមរយៈការប្រកួតដ៏អស្ចារ្យនេះអាចនិយាយបានថា ​កីឡាករ ម៉ឺន មេឃា និងអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ក្លាយជាកីឡាករដំបូងគេបង្អស់ដែលបានគ្រងខ្សែក្រវាត់គុនខ្មែរអំបោះឆៅរបស់ស្ថាប័ន​ IPCC កម្រិតអន្តរជាតិ។ ទន្ទឹមនឹងជ័យជម្នះរបស់កីឡាករ ធឿន ធារ៉ា នេះដែរ ជឿជាក់ថា កីឡាករបារាំងហ្វឹកហាត់គុនខ្មែរ អូម៉ាស៊ាំ ពិតជាបានឃើញពីការប្រកួតនេះ និងជំរុញឱ្យរូបគេមកចង់ជួបរបស់ពិតកាន់តែឆាប់មិនខាន។ គួររឭកផងដែរថា កីឡាករបារាំង អូម៉ាស៊ាំ ដែលទើបផ្ដួលកីឡាករ ឈឿង ល្វៃ ដណ្តើមបានខ្សែក្រវាត់ពិភពគុនខ្មែរ World Kun Khmer Federation កាលពីពេលថ្មីៗនេះ ធ្លាប់បាននិយាយថា រូបគេចង់ជួបជើងខ្លាំងក្នុងប្រទេសកម្ពុជា ក្រោយចប់ភារកិច្ចនៅសង្វៀន វ័នលំផេននី នៅប្រទេសថៃ ហើយរូបគេនឹងហោះមកកម្ពុជាបន្ត។ យ៉ាងណា មានការលើកឡើងព្រោងព្រាតថា កីឡាករបារាំង អូម៉ាស៊ាំ ចង់ជួប ធឿន ធារ៉ា បើទោះបីគេមិនបានបញ្ជាក់ឈ្មោះចំៗក៏ដោយ តែការបញ្ជាក់ថា បើជួប ធឿន ធារ៉ា គេនឹងឈ្នះ នោះគឺបានសេចក្តីថា គេចិញ្ចឹមចិត្តជួបជើងខ្លាំងយើងយ៉ាងពិតប្រាកដ ទើបមានសង្ឃឹមឈ្នះរួចទៅហើយនោះ។

ទោះយ៉ាងណា កាលពីរសៀលថ្ងៃទី១៣មិថុនា អំឡុងពេលថ្លឹងគីឡូ កីឡាករ ​ធឿន ធារ៉ា បានថ្លែងប្រាប់ SBM News ថា "សម្រាប់រូបខ្ញុំ គឺមិនខ្លាចទេ! សំខាន់ឱ្យតែខាងស្ថានីយរៀបចំផ្គូផ្គង់ឱ្យប្រកួត ខ្ញុំនឹងប្រកួត ហើយដាក់ថ្ងៃណាប្រាប់ខ្ញុំមក ខ្ញុំប្រកួតថ្ងៃនោះ"។ កីឡាករ ធឿន​ ធារ៉ា បន្តថា ប្រសិនបើបានជួបជាមួយកីឡាករ អូម៉ាស៊ាំ ពិតប្រាកដមែននោះ សម្រាប់រូបគេដែលជាកីឡាករ គឺមានឆន្ទៈក្នុងការប្រយុទ្ធ បើឡើងប្រកួតហើយ គឺមិនរាថយទេ​ ហើយប្រកួតនោះចង់ដាក់ខ្សែក្រវាត់ម្នាក់មួយខ្សែ..ក៏បានដែរ។ សារនេះបញ្ជាក់ថា កីឡាករជួរមុខរបស់កម្ពុជា បានបើកភ្លើងបៃតងរួចរាល់ហើយក្នុងការទទួលស្វាគមន៍ភ្ញៀវថ្មីម្នាក់ទៀត ដែលចិញ្ចឹមចិត្តចង់ជួបរូបគេ ដូច្នេះ ប្រសិនបើជំនួបរវាងកីឡាករ អូម៉ា ស៊ាំ និង ធឿន ធារ៉ា កើតឡើងពិតមែននោះ តើនឹងទៅជាយ៉ាងណា? ខណៈអ្នកទាំងពីរមានបទពិសោធជោគជាំលើសង្វៀនប្រដាល់គុនខ្មែរដូចគ្នា ហើយម្នាក់ៗសុទ្ធតែហ្វឹកហាត់ក្បាច់គុនខ្មែរដូចគ្នាបែបនេះ...?៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត