
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ស្នើដល់អ្នកជំនាញច្នៃម៉ូដ ឯម រៀម កែតម្រូវនូវចំណុចមួយចំនួនដែលមហាជនមិនទាន់អាចទទួលយកបាន ទោះគំនិតច្នៃប្រឌិតទាំងនោះជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមសិល្បករខ្មែរ ក្រោយបញ្ចប់ជំជួបពិភាក្សាជាមួយបណ្ឌិតច្នៃម៉ូដរូបនោះកាលពីថ្ងៃទី១២មិថុនា ឆ្នាំ២០២៤…។

សមាគមអះអាងថា ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរពិតជាកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់ លោក ឯម រៀម ដែលបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួន។ ហេតុនេះថ្នាក់ដឹកនាំសមាគមលើកទឹកចិត្តដល់ លោក ឯម រៀម បន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះ លោក ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើដោយចំពោះទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយ ទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រពីសំណាក់មនុស្សរស់នៅបស្ចឹមលោក។

ឆ្លើយតបនឹងការលើកឡើងរបស់សមាគមសិល្បករខ្មែរ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការណែនាំនានា លើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសលោកថា កុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿងនេះ។ បន្ថែមលើនោះ លោកក៏បានប្ដេជ្ញាថា ចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗដោយឈរលើមូលដ្ឋានអាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ។

គួរជម្រាបថា ជំនួបរវាងសមាគមសិល្បករខ្មែរ ជាមួយអ្នកច្នៃម៉ូដ ឯម រៀម នាពេលនេះហាក់ត្រូវបានធ្វើឡើងក្រោយលោក ឯម រៀម ស្លៀកឈុត «រាជិនីAI» ដែលរចនាច្នៃចេញពីគ្រឿងអេលិចត្រូនិចបែបសិចស៊ី ហើយត្រូវមហាជនយល់ថា បុគ្គលរូបនេះ ស្លៀកសម្លៀកបំពាក់ចេញមកបែបខុសទំនង បើទោះបីជាបានរៀនមានសញ្ញាបត្របណ្ឌិតច្នៃម៉ូត ប្រឡូកក្នុងវិស័យនេះជិត៣០ឆ្នាំក៏ពិតមែនក្ដី តែសកម្មភាពសិល្បៈនៃការតុបតែងខ្លួន គឺមិនចុះចំណោមនឹងគេទេ។ កាលនោះសាធារណជនបានស្នើឱ្យក្រសួងវប្បធម៌ និងសមាគមសិល្បករខ្មែរ មានចំណាត់ការបញ្ឈប់អ្នកច្នៃម៉ូតចាស់វស្សារូបនេះ មិនឱ្យចូលរួមក្នុងកម្មវិធីបែបវប្បធម៌ខ្មែរទាំងលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ៕





