
រដ្ឋធានីញូវដេលី៖ អគ្គិភ័យបានឆាបឆេះកន្លែងកម្សាន្តលក្ខណៈគ្រួសារមួយ ក្នុងរដ្ឋគូចារាត់ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ ក្នុងនោះមានកុមារជាច្រើននាក់។

ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅកន្លែងកើតហេតុក្នុងសង្កាត់រាជកូដ Rajkot អភិបាលក្រុងក្នុងតំបន់បានលើកឡើងថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ អភិបាលក្រុងក្នុងស្រុកកើតហេតុបានឱ្យដឹងថា ការផ្តោតសំខាន់ គឺទៅលើប្រតិបត្តិការជួយសង្គ្រោះជីវិត ហើយវិធានការដ៏តឹងរ៉ឹងនឹងត្រូវធ្វើឡើងចំពោះអ្នកដែលទទួលខុសត្រូវ។ អគ្គិភ័យបានបំផ្លាញរចនាសម្ព័ន្ធទាំងមូល ហើយសាកសពខ្លះត្រូវបានឆាបឆេះទាំងស្រុង ដែលពិបាកនឹងកត់សម្គាល់អត្តសញ្ញាណ។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រដ្ឋបាលក្នុងតំបន់កំពុងធ្វើការដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ ដោយបន្ថែមថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះអគ្គិភ័យនេះ ព្រមទាំងបានសម្ដែងការសោកស្ដាយចំពោះគ្រួសារដែលរងផលប៉ះពាល់ផងដែរ។ ទន្ទឹមគ្នានោះ លោក IV Kher ប្រធានការិយាល័យពន្លត់អគ្គិភ័យស្រុកបានលើកឡើងថា រថយន្តពន្លត់អគ្គិភ័យអាចគ្រប់គ្រងភ្លើងស្ទើរតែទាំងស្រុងហើយ ប៉ុន្តែមូលហេតុនៃការឆាបឆេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប្រធានរដ្ឋគូចារ៉ាត់ Gujarat បានឱ្យដឹងថា ការស៊ើបអង្កេតលើឧប្បត្តិហេតុត្រូវបានប្រគល់ទៅឱ្យក្រុមស៊ើបអង្កេតពិសេស (SIT) ហើយមនុស្ស២នាក់ត្រូវបានប៉ូលិសរាជកូដ Rajkot ឃាត់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ៕





