
កំពង់ចាម៖ មួយរយៈចុងក្រោយនេះ មានភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនបាននាំគ្នាគេចសាលារៀនទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ និងកន្លែងកម្សាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា៖ លេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី ជក់វេប បង្កជម្លោះ បង្កបក្ខពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

ដើម្បីចូលរួមទប់ស្កាត់ និងមានវិធានការទប់ស្កាត់ឱ្យបាន ជៀសវាងបណ្តែតបណ្តោយឱ្យសិស្សគេចសាលារដ្ឋបាលខេត្តកំពង់ចាមបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំ-សង្កាត់ នាយកគ្រឹះស្ថានសិក្សាសាលារដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៖ ១-ត្រូវចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម ហាងលក់ទំនិញ(ម៉ាត) កន្លែងលក់កាហ្វេភេសជ្ជៈ ក្លឹបហាត់ប្រាណ ក្លឹបបាល់ទេះ ក្លឹបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់និងមិនត្រូវអនុញ្ញាតឱ្យសិស្សប្រមូលផ្តុំគ្នាលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើមនៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន។

២-ត្រូវចុះអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់សិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្ម ហាងលក់ទំនិញ(ម៉ាត) កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា លុបបំបាត់ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ៣-ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្តការប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

៤-គ្រឹះស្ថានសិក្សាត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល សិស្ស និងសហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សានុសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្សសំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការប្រមូលផ្តុំលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច និងឈានទៅ លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ៥-ត្រូវធ្វើការណែនាំសិស្សានុសិស្ស បញ្ចៀសការគេច ម៉ោងសិក្សា ទៅប្រមូលផ្តុំនៅតាមហាងលក់ទំនិញ(ម៉ាត) កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា លេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើមនៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន។

រដ្ឋបាលខេត្តអំពាវនាវឱ្យផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានការប្រមូលផ្តុំសិស្សប្រព្រឹត្តសកម្មភាពអសកម្មនានានៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការ និងចំណាត់ការបានទាន់ពេលវេលាក៏ដូចជាលុបបំបាត់បាតុភាពអសកម្មនានានៅគ្រប់មូលដ្ឋាន។ ក្នុងករណីម្ចាស់អាជីវកម្មនានាមិនសហការ អាជ្ញាធរមានសមត្ថកិច្ច នឹងបិទអាជីវកម្មព្រមទាំងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន៕





