
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកត់សម្គាល់ថា តាំងពីមានការបើកសាលារៀនទូទាំងប្រទេសឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងមកគឺមិនមានអ្វីកើតឡើងគួរជាទីកត់សម្គាល់ឡើយ។ តាមរយៈសារលិខិតនាឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២នៅថ្ងៃទី១០ ខែមករា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យសាលារៀនបន្តអនុវត្តអនាម័យ និងគិតគូរផ្នែកបរិស្ថានដើម្បីឲ្យស័ក្តិសមជាកន្លែងសម្រាប់ការអប់រំ និងដើម្បីធានាសុវត្ថិភាពដល់សិស្ស។
ដើម្បីធានាដល់ការបើកបវេសនកាលឆ្នាំថ្មី២០២១-២០២២ប្រកបដោយសុវត្ថិភាព សម្តេច ហ៊ុន សែន បានស្នើឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត បង្គន់អនាម័យ កន្លែងលាង និងសួនធម្មជាតិជាដើម ដើម្បីជំរុញឲ្យកន្លែងសម្រាប់អប់រំឥរិយាបថ ផ្លូវកាយ និងផ្លូវចិត្ត។
សម្តេចតេជោបានស្នើឲ្យគ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈទុកជាមុន និងឆ្លើយតបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងករណីមានបញ្ហាកើតឡើងដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យក្រសួងអប់រំត្រូវបន្តជំរុញការអប់រំឌីជីថល និងការអប់រំពីចម្ងាយឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។ ត្រូវគិតគូរអំពីជម្រើស និងអភិវឌ្ឍធនធានបង្រៀន និងរៀនឲ្យបានច្រើនសម្បូរបែប។
ជាមួយគ្នានេះក្រសួងអប់រំត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការអប់រំឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ និងការផ្តោតលើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលនឹងបណ្តុះបាននូវអ្នកជំនាញចំាបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

លើសពីនេះ លោកគ្រូអ្នកគ្រូត្រូវបន្តដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២ ជាមគ្គុទេ្ទសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។ ជាពិសេសគ្រូត្រូវបន្តប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ទំាងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងភាសាអង់គ្លេស។
សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់បន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានតឹងរ៉ឹងខណៈជំងឺកូវីដ-១៩បំប្លែងថ្មី«អូមីក្រុង»កំពុងតែរាលដាលក្នុងសហគមន៍ជាបណ្តើរៗហើយ។ សិស្សានុសិស្សត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមប្រព្រឹត្តអំពើល្អ ដើម្បីរីកចម្រើនក្នុងក្រុមគ្រួសារ និងសង្គមជាតិ។ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕




