
(ភ្នំពេញ)៖ ករណីលោកគ្រូ ម៉ម សុធានី នាយកវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅ លើកដៃទះស្មាសិស្សស្រីម្នាក់ដែលត្រូវបានសិស្សក្នុងសាលាថតជាឃ្លីបវីដេអូបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែកញ្ញា ដែលនាំឱ្យមានការជជែកវែកញែកដេញដាលនោះ ត្រូវបានភាគីអាណាព្យាបាលសិស្ស និងគ្រូចរចាបញ្ចប់រឿងដោយសន្តិវិធីហើយ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានSBMថា គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនសេរីភាព កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា បានជួបប្រជុំជាមួយអាណាព្យាបាលសិស្សដែលត្រូវបានលោកនាយកសាលាបានវាយពួកគេកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញាកន្លងទៅនេះ។
ដោយជាលទ្ធផល ភាគីខាងអាណាព្យាបាលសិស្ស គឺមិនបានខឹងសម្បារ និងប្តឹងផ្តល់លើគ្រូនាយកសាលាឡើយ ដោយស្នើឱ្យលោកគ្រូ សាធារណជន និងអ្នកសារព័ត៌មានបញ្ឈប់ចុះផ្សាយ និងវាយតម្លៃលើកូនរបស់គាត់ថាជាសិស្សខិលខូចតទៅទៀត រួមទាំងស្នើឱ្យលោកនាយកសាលាកុំគុំកួនធ្វើបាបសិស្ស ខណៈភាគីលោកគ្រូនាយកព្រមទទួលយកសំណូមពររបស់អាណាព្យាបាលសិស្សដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោក។ «ភាគីទាំងពីរបានឯកភាពសុះស្រួលគ្នា រួមគ្នាបញ្ចប់ដោយសន្តិវិធី»។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងអប់រំ។

លោកគ្រូ ស្រី ស្រឿន នាយករងនៃវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅបានថ្លែងប្រាប់អ្នកសារព័ត៌មានSBM ឱ្យដឹងថា វីដេអូឃ្លីបជាង១នាទីដែលគេថតបានបង្ហាញពីលោកគ្រូនាយកវាយ និងទះស្មាសិស្សស្រីម្នាក់នោះ គឺកើតឡើងក្រោយពីសិស្សថ្នាក់ទី១២ទាំងប្រុសនិងស្រីប្រមាណ២ទៅ៣រយនាក់បាននាំគ្នាគូសវាសលើអាវទុកជាអនុស្សាវរីយ៍ក្រោយពីពួកគេបានបញ្ចប់ការប្រឡងឆមាសទី២ ហើយត្រៀមតែប្រឡងបាក់ឌុបខែវិច្ឆិកាខាងមុខ។
ដោយឃើញសកម្មភាពសិស្សបែបនេះ លោកនាយកសាលាក៏មានក្តីបារម្ភថាកូនមិនគិតគូររៀនសូត្រ ខណៈថ្ងៃប្រឡងបាក់ឌុបជិតមកដល់ លោកក៏បានហៅពួកគេទាំងអស់គ្នាមកណែនាំនៅមុខដងទង់ជាតិ ។ ខណៈដែលលោកនាយកកំពុងតែណែនាំសិស្ស ក៏មានសិស្សស្រីម្នាក់នៅមិនស្ងៀមហើយនៅតែគូសលើអាវមិត្តភក្តិទៀត ដែលធ្វើឱ្យលោកនាយកមិនពេញចិត្តទើបលោកគ្រូលើកដៃទះស្មារបស់សិស្សស្រីម្នាក់នោះ។
បើតាមលោកគ្រូនាយករងនៃវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅ លោកគ្រូ ម៉ម សុធានីគឺជានាយកសាលាដែលប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ គោរពស្រឡាញ់សិស្សានុសិស្សគ្រប់រូបប្រៀបដូចជាកូនបង្កើតរបស់លោកអ៊ីចឹង។
ក្រោយពីមានការផ្សព្វផ្សាយវីដេអូឃ្លីបព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក មានមហាជនជាច្រើនបានបញ្ចេញមតិ ដោយអ្នកខ្លះបញ្ចេញមតិមិនគាំទ្រលើការប្រើកាយវិការណែនាំដល់សិស្ស និងអ្នកខ្លះគាំទ្រចំពោះការដាក់វិន័យដល់សិស្សដែលមិនស្តាប់បង្គាប់ការណែនាំរបស់គ្រូ។ មតិមិនគាំទ្រលើការលើកដៃវាយសិស្ស ដោយអ្នកបញ្ចេញមតិយល់ឃើញថា ការប្រើអំពើហិង្សា ឬការស្រែកគំហុកដាក់សិស្ស គឺមិនមែនជាវិធីអប់រំ ណែនាំដល់សិស្សទេ គឺមានតែបំបាក់ស្មារតីសិស្ស និងធ្វើឱ្យខឹងគុំកួនគ្រូទៅវិញទេ។ មតិគាំទ្រឱ្យគ្រូប្រដៅសិស្ស ដោយអ្នកបញ្ចេញមតិយល់ឃើញថា លោកគ្រូ អ្នកគ្រូ គឺជាមាតាទី២ ដែលត្រូវតែណែនាំដល់សិស្ស ជាពិសេសសិស្សដែលមិនស្តាប់បង្គាប់គ្រូ និងមិនខិតខំរៀន៕















