
រាជធានីភ្នំពេញ៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន៦៦៧០០០តោនទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ កើនឡើង៣៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជាអានរកចំណូលបាន៨៥១លានដុល្លារពីការនាំចេញ...។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា ប្រាប់ SBM News កាលពីថ្ងៃទី១០មិថុនាថា ទោះបីជាអាកាសធាតុក្ដៅបានប៉ះពាល់ដល់ទិន្នផលស្វាយចន្ទីក៏ដោយ ក៏បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅតែបង្ហាញសញ្ញាវិជ្ជមាន។ លោកបន្តថា កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៧១៦ពាន់តោនក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤។ លោកប្រធានសមាគម បានចាត់ទុកថា កំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាម គឺដោយសារការកើនឡើងនៃទំហំដាំដុះនៅកម្ពុជា។ នេះរួមបញ្ចូលនឹងការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនៅអាហ្រ្វិកនិងដោយសារការប្រែប្រួលអាកាសធាតុ នាំឱ្យមានសញ្ញាវិជ្ជមានសម្រាប់កម្ពុជា។

បើតាមប្រធានសមាគមរូបនេះ ទោះបីសីតុណ្ហភាពខ្លាំងមួយចំនួនបានប៉ះពាល់ដល់ដើមស្វាយចន្ទីនៅកម្ពុជានាពេលថ្មីៗក៏ដោយ ប៉ុន្តែវាមិនមានផលប៉ះពាល់ខ្លាំងដល់ការផលិតគ្រាប់ស្វាយចន្ទីទេ ដោយសារសមាជិកអ្នកដាំដុះនៅក្នុងសមាគមរបស់លោក មានភាពសកម្មនឹងផ្នែកបច្ចេកវិទ្យា ដែលសម្រួលដល់ការដាំដុះ។ សូមជម្រាបថា សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្ត្រកាត់បន្ថយបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន៧០ភាគរយក្នុងរយៈពេលដប់ឆ្នាំខាងមុខ និងងាកមកកែច្នៃក្នុងស្រុកដោយខ្លួនឯងឱ្យបានច្រើន សម្រាប់ការនាំចេញ។ វិធីសាស្ដ្រគិតឆ្ពោះទៅមុខនេះ ក៏មានគោលបំណងធានានូវនិរន្តរភាពយូរអង្វែងនៃឧស្សាហកម្មស្វាយចន្ទីផងដែរ។ បច្ចុប្បន្នរហូតដល់៩០ភាគរយនៃគ្រាប់របស់កម្ពុជា ត្រូវបាននាំចេញជាលក្ខណៈគ្រាប់ឆៅ ជាពិសេសគឺនាំទៅប្រទេសវៀតណាមផ្ទាល់តែម្ដង។

ក្រៅពីនាំទៅប្រទេសវៀតណាម គ្រាប់ស្វាយចន្ទីឆៅប្រមាណតិចជាង៥ ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់ការកែច្នែក្នុងស្រុក និងក្រោម១ ភាគរយត្រូវបាននាំចេញទៅប្រទេសឥណ្ឌា និងចិន។ សូមបញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្នមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីធំៗដូចជា សិប្បកម្មជ័យសម្បូរ ក្រុមហ៊ុន Santana Agro Products Co., Ltd Handcrafted Cashew nut Stung Treng។ ដោយឡែក កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២៤ MIRATH GREEN TECH ទើបបានដាក់សម្ពោធជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ធនៈ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ៕





