សមាគមខ្មែរកម្ពុជាក្រោមប្រារព្ធខួប៧៥ឆ្នាំនៃការបាត់បង់ទឹកដីទៅឱ្យវៀតណាម នៅចំពោះមុខតំណាងព្រះមហាក្សត្រ
វុធ ច័ន្ទតារា
09 មិថុនា 2024 09:00 AM

រាជធានីភ្នំពេញ៖ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០៩មិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅចំពោះមុខតំណាងរបស់ព្រះមហាក្សត្រ ដែលត្រូវបានចាត់មកឱ្យចូលរួមពិធីនេះដែរ...។

កម្មវិធី​នេះ​ធ្វើឡើងនៅវត្តសាមគ្គីរង្សី ឬហៅវត្តខ្មែរកម្ពុជាក្រោម ដើម្បី​រួមគ្នា​រំឭកខួប​ប្រវត្តិ​ទឹកដី​ខ្មែរកម្ពុជាក្រោម, ​ផែនការ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ទឹកដី​ខ្មែរកម្ពុជាក្រោម និង​សិទ្ធិ​សេរីភាពរបស់បងប្អូនពលរដ្ឋ​ខ្មែរ​ក្រោមទាំងអស់។ នៅក្នុងកម្មវិធីកាលពីព្រឹកមិញនេះ មានការចូលរួមពីប្រជាពលរដ្ឋជាច្រើនដែលភាគច្រើនត្រូវបានគេជឿថា ជាពលរដ្ឋខ្មែរក្រោម ឬដែលមានសែស្រឡាយជាពលរដ្ឋខ្មែរក្រោមរត់ភាសខ្លួនមករស់នៅលើទឹកដីខ្មែរកណ្តាល ខណៈបច្ចុប្បន្នដែនដីកម្ពុជាក្រោមទាំងមូល បានស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ ក្នុង​ពិធី​នេះ មានការរៀបចំជាពិធីបុណ្យសង្ឃទានប្រគេនព្រះសង្ឃចំនួន៧៥អង្គ តំណាងឱ្យខួបលើកទី៧៥ឆ្នាំ និងដើម្បីឧទ្ទិស​មហា​កុសល​ប្រគេន​គោរពវិញ្ញាណក្ខន្ធ ព្រះ​វីរ​សមណ ​និង​ជូន​ដួង​វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរ​ស្នេហាជាតិ ដូចជាលោកឧកញ៉ា សឺន គុយ​ ជាដើម។​

ថ្លែងក្នុងពិធីដដែលនេះ លោក​ គឹម​ ស៊ី​សំ​ណា លេខា​នៃ​លេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​​ខ្មែរ​កម្ពុជា​ក្រោម បានឱ្យដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ បានរំឭក​ព្រឹត្តិការណ៍​នេះឡើង​ ដើម្បី​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ និង​ដើម្បី​សំដែង​នូវការ​ដឹង​គុណ​ដល់​វីរភាព ​និង​ពលិកម្ម​របស់​បុព្វបុរស​ខ្មែរ ​ដែល​បាន​តស៊ូ​ថែរក្សា​ពូជសាសន៍​ខ្មែរ ​ សាសនា ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ជាការកត់សម្គាល់ សមាគមបានអញ្ជើញ ព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជាព្រះអធិបតីភាពផងដែរ ដោយព្រះអង្គបានចាត់ ឯកឧត្តម សឺន  ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកចូលកម្មវិធី។

លោក​ គឹម​ ស៊ី​សំ​ណា លេខា​នៃ​លេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​​ខ្មែរ​កម្ពុជា​ក្រោម
លោក​ គឹម​ ស៊ី​សំ​ណា លេខា​នៃ​លេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​​ខ្មែរ​កម្ពុជា​ក្រោម

នៅចំពោះមុខភាពចម្រូងចម្រាស់ជាមួយនឹងវៀតណាម នៅមួយរយៈកាលចុងក្រោយ ជុំវិញសំណុំរឿងព្រែកជីកហ្វូណន អាជ្ញាធរកម្ពុជាទំនងជាបើកទូលាយជាងមុនសម្រាប់កម្មវិធី ដែលពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោមមួយនេះ​។ គេនៅចាំបានថា អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣១ ខែឧសភា បានបើកភ្លើងបៃតងឱ្យមានការប្រារព្ធពិធីរំឭកខួបថ្ងៃបាត់បង់ទៅទឹកកម្ពុជាក្រោមទៅឱ្យវៀតណាម ដែលកម្មវិធីបានប្រារព្ធឡើងកាលពីព្រឹកមិញនេះ។ យ៉ាងណា អាជ្ញាធរនៅតែកំណត់ចំនួនមនុស្សចូលរួមព្រមទាំង ហាមប្រាមការនិយាយអ្វីដែលប៉ះពាល់ដល់ទំនាក់ទំនងនៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

ឯកឧត្តម សឺន  ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ 
ឯកឧត្តម សឺន  ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ 

ដោយឡែក កាលពីថ្ងៃទី០៤មិថុនា គណនីហ្វេសប៊ុកដែលមានឈ្មោះ «ព្រះបរមរាជវាំង Royal Palace of Cambodia» មានតាំងព្រះឆាយាល័ក្ខណ៍ ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ជារូប Profile ផងនោះ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជា ខួប៧៥ឆ្នាំ នៃការបាត់បង់សិទ្ធិគ្រប់គ្រងដែនដី កម្ពុជាក្រោម»។ សារនេះត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយដល់ទៅជាង១ម៉ឺន៤ពាន់ដង និងមានអ្នកចុច Like ដល់ទៅជាង១ម៉ឺន១ពាន់ដង។ សារបែបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមយល់ថា ជាការបង្ហាញព្រះទ័យចូលរួមរំឭក និងព្រះទ័យសោកស្ដាយរបស់អង្គព្រះមហាក្សត្រចំពោះទឹកដីកម្ពុជាក្រោម ដែលកម្រនឹងបានឃើញពីអង្គព្រះមហាក្សត្រ ស្របពេលដែលគេក៏មិនសូវឃើញមន្ត្រីរាជរដ្ឋាភិបាលនិយាយច្រើនប៉ុន្មានដែរ ពីបញ្ហានេះ ពិសេសនៅថ្ងែគម្រប់ខួបតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត