
រាជាធានីភ្នំពេញ៖ ថ្ងៃនេះ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ គឺជាថ្ងៃដែលសហគមន៍ខ្មែរកម្ពុជាក្រោមនិយាយដោយឡែក និងខ្មែរគ្រប់រូបនិយាយជារួម នាំគ្នារំឭកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម។ គិតត្រឹមឆ្នាំ២០២៤នេះ អស់រយៈពេល៧៥ឆ្នាំមកហើយ ដែលបារាំងបានដាក់បញ្ចូលកម្ពុជាក្រោម ទៅក្នុងទឹកដីវៀតណាម នៅអំឡុងពេលដែលបារាំងដាក់អាណានិគមលើកម្ពុជា និងតំបន់ជ្រោយឥណ្ឌូចិន)។ ប៉ុន្តែបើយើងក្រឡេកមើលកត្តាប្រវត្តិសាស្ត្រ កម្ពុជាក្រោមមិនមែនទើបបាត់បង់ទៅឱ្យវៀតណាមកាលពី៧៥មុននោះទេ ពោលគឺអតីតដែនដីខ្មែរភាគខាងក្រោមមួយនេះ បានបាត់បង់បន្តិចម្ដងៗចាប់តាំងពីសតវត្សរ៍ទី១៧មកម្ល៉េះ ពោលគឺក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ដែលមានព្រះអគ្គមហេសីជាជនជាតិអណ្ណាម...។

ប្រវត្តិនៃទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា កូសាំងស៊ីន ត្រូវបានកត់ត្រាទុកនៅក្នុងឯកសារប្រវត្តិសាស្ត្រជាច្រើន។ ទឹកដីកម្ពុជាក្រោម ត្រូវបានបារាំងកាត់ទៅឱ្យវៀតណាម ក្រោមការចុះហត្ថលេខាប្រគល់ទឹកដី ដោយប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល នៅឆ្នាំ១៩៤៩ ជារឿងដែលមិនអាចប្រកែកបាន។ មិនអាចប្រកែកបានក៏ដោយសារតែការកាត់ទៅឱ្យកាលនោះ មានឯកសារច្បាប់ជាភស្តុតាង គឺច្បាប់ដែលសភាបារាំងបានអនុម័ត នៅថ្ងៃទី៤មិថុនា ឆ្នាំ១៩៤៩។ តែបើតាមកត្តាប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបានដូចគ្នា គឺកម្ពុជាបានបាត់បង់កម្ពុជាក្រោមម្ដងបន្តិចៗ តាំងពីរាប់រយឆ្នាំ មុនឆ្នាំ១៩៤៩ទៅទៀត។ ដើម្បីអាចយល់ការណ៍នេះបាន យើងត្រូវត្រឡប់ថយក្រោយទៅរំឭកប្រវត្តិសាស្ត្រកាលពីជាង៣០០ឆ្នាំមុនវិញបន្តិចសិន។

ជនជាតិអណ្ណាម បាននាំគ្នាមកតាំងលំនៅលើដែនដីសណ្ដទន្លេមេគង្គកូសាំងស៊ីននេះ តាំងពីដើមសតវត្សទី១៧មកម្ល៉េះ គ្រានោះកម្ពុជាស្ថិតក្រោមការគ្រប់គ្រងដោយស្តេចជ័យជេដ្ឋាទី២។ ព្រះអង្គមានព្រះជាយាជាជនជាតិយួនអណ្ណាម ដែលមានព្រះនាមជាខ្មែរថា ម្ចាស់ក្សត្រីអង្គចូវ។ ម្ចាស់ក្សត្រីអង្គចូវ គឺជាបុត្រីទី៨របស់ព្រះចៅយួនអណ្ណាម។ ទំនាក់ទំនងរវាងកូនប្រសាជាស្ដេចខ្មែរ និងឪពុកក្មេកជាស្ដេចយួនអណ្ណាមនៅសម័យនោះបែបនេះហើយ គឺជាការបើកផ្លូវឱ្យជនជាតិយួនអណ្ណាម ចូលមកតាំងលំនៅម្ដងបន្តិចៗនៅដែនដីកម្ពុជាក្រោម តាំងពីពេលនោះមក ជាពិសេសចូលមករស់នៅក្នុងខេត្តព្រៃនគរ ឬព្រៃគរ ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំរបស់វៀតណាមសម័យបច្ចុប្បន្ន និងបានប្តូរទៅជាឈ្មោះ ហូជីមិញ។ ពេលវេលាចេះតែកន្លងផុតទៅ ក្នុងពេលដែលនគរខ្មែរធ្លាក់ចុះទន់ខ្សោយ ដោយសារតែការកៀបសង្កត់ពីសៀមដែលនៅខាងលិច និងអាណ្ណាមដែលនៅខាងកើតផង និងដោយសារជម្លោះផ្ទៃក្នុងស្តេចខ្មែរសម័យនោះ ដណ្តើមរាជបល្ល័ង្កគ្នាផង នគរអណ្ណាម ក៏បានពង្រីកការកាន់កាប់ទឹកដីកម្ពុជាក្រោមជាលក្ខណៈអចិន្រ្តៃយ៍តែម្ដង និងចាប់ផ្តើមតាំងខ្លួនជាម្ចាស់ស្រុក។

បើតាមឯកសារប្រវត្តិសាស្ត្រ គិតត្រឹមឆ្នាំ១៨៣៤ ពោលគឺប្រមាណជា៣០ឆ្នាំមុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិន កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុងទៅហើយ។ វិបត្តិផ្ទៃក្នុងប្រទេសកម្ពុជា ក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ បានអូសបន្លាយជាង២០០ឆ្នាំ ពោលគឺបានអូសបន្លាយរហូតដល់ពេលព្រះបាទអង្គឌួង ដែលជារាជបុត្រពៅរបស់ព្រះបាទអង្គ អេង ឡើងគ្រងរាជ្យនៅឆ្នាំ១៨៤០។ ក្នុងខណៈដែលកម្ពុជាកំពុងមានវិបត្តិ ប្រទេសសៀម និងយួនអណ្ណាម ក៏បានឆ្លៀតឱកាសយកចំណេញពីកម្ពុជារៀងៗខ្លួន។ ប្រទេសសៀម ឆ្លៀតយកទឹកដីខ្មែរជាច្រើនតាមដែលគេអាចធ្វើទៅបាន។ ចំណែកស្ដេចយួនអណ្ណាមវិញ បន្តបញ្ជូនពលរដ្ឋរបស់ខ្លួន មករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ គិតត្រឹមពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១៨ ពលរដ្ឋយួនអណ្ណាម បានមករស់នៅពាសពេញលើដែនដីកម្ពុជាក្រោមរួចទៅហើយ។

រហូតដល់ឆ្នាំ១៨៤៥ នៅពេលដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យ នគរខ្មែរត្រូវបាត់បង់ឯករាជ្យស្ទើរតែទាំងស្រុង ដោយត្រូវស្ថិតក្រោមការត្រួតត្រារបស់នគរសៀម និងនគរអណ្ណាម។ នៅក្នុងស្ថានភាពនោះហើយ ដែលព្រះបាទអង្គឌួង ត្រូវសៀម និងអណ្ណាមបង្ខំឱ្យចុះកិច្ចព្រមព្រៀងកាត់ខេត្តប៉ែកពាយ័ព្យទៅឱ្យសៀម និងទទួលស្គាល់ឱ្យវៀតណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមតទៅទៀត។ ចាប់ពីពេលចុះសន្ធិសញ្ញានោះ ប្រជាជនខ្មែរនៅកម្ពុជាក្រោម បាននាំគ្នារត់មករស់នៅនគរខ្មែរកណ្តាលវិញ ដោយសារទទួលរងនូវការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងពីប្រជាជន និងអាជ្ញាធរអាណ្ណាម។ ឈ្មោះភូមិ-ឃុំ-ស្រុក-ខេត្តទាំងអស់នៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរអណ្ណាមប្តូរទៅជាភាសាអណ្ណាមវិញទាំងអស់ ដើម្បីឱ្យគេភ្លេចឈ្មោះដើមជាខ្មែរ។

ប្រវត្តិសាស្ត្របានសរសេរច្បាស់ណាស់ថា ពេលនោះសូម្បីតែដែនដីខ្មែរកណ្តាលក៏ត្រូវប្រឈមមុខនឹងការបាត់បង់ផងដែរ។ ហេតុនេះស្តេចអង្គឌួងបានស្វះស្វែងរកជំនួយពីបារាំង ដើម្បីទប់ទល់នឹងនគរសៀម និងអណ្ណាម។ ជាលទ្ធផល នៅឆ្នាំ១៨៥៨ បារាំងបានបញ្ជូនកងទ័ពទៅវាយលុកលើនគរអណ្ណាម រហូតដណ្តើមយកទឹកដីកម្ពុជាក្រោមមកកាន់កាប់នៅឆ្នាំ១៨៦២ មុននឹងដាក់អាណាព្យាបាលលើកម្ពុជា នៅឆ្នាំ១៨៦៣។ ខណៈបារាំងគ្រប់គ្រងអណ្ណាម នៅឆ្នាំ១៨៨៤ និងឡាវ នៅឆ្នាំ១៨៩៣ ហើយដែលបារាំងហៅដែនដីទាំង៣នេះថា ជាសហភាពឥណ្ឌូចិន។ ចំណែកកម្ពុជាក្រោមវិញ នៅក្រោយពេលដែលបារាំងច្បាំងដណ្តើមយកបានពីនគរអណ្ណាមនៅឆ្នាំ១៨៦២ បារាំងមិនបានដាក់បញ្ចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅឯនាយសមុទ្រ។

សរុបមកវិញ បើយោងទៅលើឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់នគរខ្មែរ មិនមែនជារបស់វៀតណាមតាំងពីដើមមកនោះទេ។ ក៏ប៉ុន្តែកម្ពុជាក្រោមនេះ ក៏មិនមែនទើបនឹងត្រូវបានបាត់បង់ ដោយសារបារាំងកាត់ឱ្យវៀតណាមនៅឆ្នាំ១៩៤៩តែម្ដងនោះដែរ។ តាមរយៈច្បាប់ថ្ងៃទី៤មិថុនា ឆ្នាំ១៩៤៩ បារាំងគ្រាន់តែបានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងច្បាំងដណ្តើមយកពីវៀតណាមនៅឆ្នាំ១៨៦២ ឱ្យទៅវៀតណាមវិញប៉ុណ្ណោះ មិនមែនជាការកាត់យកពីកម្ពុជាទៅឱ្យវៀតណាមឆៅៗនោះទេ។ យ៉ាងណាក៏កម្ពុជាលែងអាចតវ៉ាតាមផ្លូវច្បាប់ណាមួយ ទាមទារយកទឹកដីកម្ពុជាក្រោមមកវិញដែរ ដោយសំអាងលើគោលការណ៍នៃច្បាប់អន្តរជាតិដែលបានចែងថា រាល់ព្រំដែនដែលបន្សល់ទុកដោយមហាអំណាចអាណានិគម គឺជាព្រំដែនស្ថាពរ មិនអាចសើរើឡើងវិញ ឬតវ៉ាប្រឆាំងមិនទទួលស្គាល់បានទេ៕




