
អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃសុក្រទី៣១ឧសភា បានបើកភ្លើងបៃតងឱ្យមានការប្រារព្ធពិធីរំឭកខួបថ្ងៃបាត់បង់ទៅទឹកកម្ពុជាក្រោមទៅឱ្យវៀតណាមអំឡុងអាណានិគមបារាំង ប៉ុន្តែការធ្វើពិធីជួបជុំនោះគឺនៅតែមានការកំណត់រឹតបន្តឹង។

ថ្ងៃទី៩ខែមិថុនា ជាខួបលើកទី៧៥ឆ្នាំដែលកម្ពុជាទាំងមូលបានបាត់បង់ដែនដីកម្ពុជាក្រោមទៅឱ្យវៀតណាម ដោយការកាត់ទៅឱ្យពីប្រទេសបារាំង បង្កជាកំហឹងក្រេវក្រោធពីពលរដ្ឋខ្មែរលើប្រទេសអាណានិគមមួយនេះ។ កម្ពុជាក្រោម ដែលបារាំងហៅថាជាដែនដីកូសាំងសីន បច្ចុប្បន្នជាទឹកដីប្រទេសវៀតណាមភាគខាងត្បូង។ អាជ្ញាធរខ្មែរកណ្តាល បានបើកភ្លើងបៃតងអាចប្រព្រឹត្តកម្មវិធីទៅបាន ដរាបណាវាគ្មិនមិននិយាយអ្វីដែលភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងរឿងនយោបាយ ឬធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំរវាងមន្ត្រីសមាគមខ្មែរកម្ពុជាក្រោម ដែលត្រូវបានផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងនិងក្រៅប្រទេស។ សមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំឱ្យមនុស្សចំនួន ៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះដែលនឹងធ្វើឡើងនៅវត្តសាមគ្គីរង្សី ស្ថិតក្នុងរាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេអនុញ្ញាតត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ហើយកម្មវិធីនេះត្រូវធ្វើឡើងរយៈពេលត្រឹមតែ ៤ម៉ោងប៉ុណ្ណោះនៅពេលល្ងាច។

វាគ្មិនក៏ត្រូវបានហាមឃាត់មិនឱ្យនិយាយ ញុះញង់មនុស្សឱ្យប្រព្រឹតិ្តអំពើហិង្សា និងប្រើភាសាណាដែលប៉ះពាល់ដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ផងដែរ។ នេះបើតាមកំណត់ហេតុដដែល។ សូមជម្រាបថា ព្រឹត្តិការណ៍ថ្ងៃទី៩មិថុនា នឹងមានពិធីសូត្រមន្តប្រគេនចង្ហាន់ព្រះសង្ឃចំនួន៧៥អង្គ។ ពិធីរំលឹកខួបនេះ នឹងបង្ហាញពីទុក្ខលំបាករបស់ខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅក្រោមរដ្ឋអំណាចហាណូយ៕




