
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាត្រូវបានកែប្រែ លើរបៀបនៃជីវិត ការងារ និងការទំនាក់ទំនងរបស់យើងជាមួយពិភពលោក។ រាប់ពីការចាប់កំណើតនៃបណ្ដាញអ៊ីនធឺណិតក្នុងឆ្នាំ១៩៩៣ ដល់ការអភិវឌ្ឍដ៏ឆ្លាតវៃក្នុងវិស័យបញ្ញាសិប្បនិម្មិត AI ក្នុងឆ្នាំ២០២២ បច្ចេកវិទ្យាទាំងនេះមិនត្រឹមតែបង្កើនការផ្លាស់ប្ដូរឧស្សាហកម្មនានាទេ ប៉ុន្តែគឺបានកែប្រែជីវិតប្រចាំថ្ងៃរបស់យើងផងដែរ។

យោងតាមការចុះផ្សាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ទៅលើព្រឹត្តិការណ៍បច្ចេកវិទ្យាសំខាន់ៗចំនួន១១ ដែលបានកំណត់ពី World Wide Web (WWW) ទៅកាន់ AI (ឆ្នាំ១៩៩៣-២០២២) បានបង្ហាញពីសមិទ្ធផលនីមួយៗក្នុងការវិវឌ្ឍនៃសង្គមឌីជីថល ដូចជា៖ ឆ្នាំ១៩៩៣-World Wide Web (WWW)៖ World Wide Web បង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Tim Berners-Lee នាំមកនូវការទំនាក់ទំនងតាមអនឡាញ ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងជាការចាប់ផ្តើមនៃសេដ្ឋកិច្ចឌីជីថល។ ឆ្នាំ១៩៩៧-Wi-Fi៖ Wi-Fi ត្រូវបានដាក់ប្រើជាសាធារណៈនៅឆ្នាំ១៩៩៧ និងបានផ្លាស់ប្ដូរមុខមាត់នៃការប្រើប្រាស់អ៊ីនធឺណិត ដោយបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ការតភ្ជាប់ទំនាក់ទំនងនៅក្នុងពិភពលោករបស់យើងនេះ។ ឆ្នាំ១៩៩៨-Google៖ ការចាប់កំណើតនៃ Google ជាការបើកទំព័រថ្មីនៃការស្វែងរកព័ត៌មាននៅលើគេហទំព័រតាមអ៊ីនធឺណិត (Search Engine)។

ឆ្នាំ២០០៤-បណ្ដាញសង្គម៖ ចាប់ពីការចាប់កំណើតរបស់បណ្ដាញទំនាក់ទំនងសង្គមកំលុងជាងពីរទស្សវត្សកន្លងមកនេះ ធ្វើឱ្យបណ្ដាញនេះគ្របដណ្ដប់មួយចំណែកធំនៅលើជីវិតទំនាក់ទំនងរបស់យើង។ ឆ្នាំ២០០៧-IPhone៖ ការលេចចេញនូវទូរសព្ទ IPhone បានប្រែក្លាយមុខមាត់បច្ចេកវិទ្យាទូរសព្ទឆ្លាតវៃ ដែលអាចស្ដាប់ចម្រៀង, ថតរូប, ប្រើអ៊ីនធឺណិត និងកម្មវិធីផ្សេងៗ។ ឆ្នាំ២០០៩-Bitcoin៖ Bitcoin ជាប្រភេទលុយឌីជីថល ដែលបានបើកទំព័រថ្មីនៃប្រព័ន្ធទូទាត់ឌីជីថលដែលដំណើរការដោយឯករាជ្យពីប្រព័ន្ធធនាគារ និងត្រូវបានដឹងថាប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន។ ឆ្នាំ២០១៤-Virtual reality (VR)៖ គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍការពិតនិម្មិត (VR) សម្រាប់កម្មវិធីពាណិជ្ជកម្ម។ ហ្វេសប៊ុក Facebook បានទិញយកក្រុមហ៊ុន Oculus VR ក្នុងតម្លៃ២ពាន់លានដុល្លារដើម្បីអភិវឌ្ឍអាជីវកម្ម VR នេះ។ Samsung និង Sony ក៏បានប្រកាសផលិតផល VR នេះផងដែរ។

ឆ្នាំ២០១៥-រថយន្តគ្មានអ្នកបើក៖ ការចាប់ផ្ដើមនៃ Autopilot របស់ក្រុមហ៊ុន Tesla ដែលជាមុខងារបើកបរស្វ័័យប្រវត្តិនៅក្នុងរថយន្តរបស់ខ្លួន បាននាំឱ្យមានការចាប់អារម្មណ៍ និងចាប់យកនូវបច្ចេកវិទ្យាថ្មីនេះជាបន្តបន្ទាប់នៅក្នុងពិភពនៃបច្ចេកវិទ្យារថយន្ត។ ឆ្នាំ២០១៩-Quantum computing៖ នៅក្នុងប្រវត្តិសាស្ត្រនៃ Quantum computing ត្រូវបានកំណត់នៅក្នុងខែតុលា ឆ្នាំ២០១៩ ដោយកម្លាំងគណនារបស់ក្រុមហ៊ុន ហ្គូហ្គល ហៅថា Google’s Sycamore processor។ ឆ្នាំ២០២០-ជំងឺរាតត្បាតកូវីដ-១៩ (COVID-19)៖ COVID-19 បានពន្លឿនល្បឿនបន្ថែមដល់បដិវត្តកម្មឌីជីថល ដែលមិនធ្លាប់មានពីមុនមក។ មនុស្សលោកភាគច្រើនត្រូវបានបិទខ្ទប់នៅក្នុងផ្ទះ ដែលនាំដល់ការជំរុញឱ្យមានការចាប់យកនូវការធ្វើប្រតិបត្តិការអនឡាញជាច្រើនប្រភេទ ទាំងការប្រជុំអនឡាញ, ការទិញទំនិញអនឡាញ, ការធ្វើការងារអនឡាញ ជាដើម។

ឆ្នាំ២០២២-បញ្ញាសប្បនិម្មិត (AI)៖ បច្ចេកវិទ្យា AI មានយូរយារណាស់មកហើយ ប៉ុន្តែការលេចឡើងនូវ Generative AI បានគ្របដណ្ដប់ផ្នែក AI នេះ ដោយក្រុមហ៊ុន OpenAI បានដាក់បង្ហាញ ChatGPT ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងកង្វល់មួយចំនួនផងដែរសម្រាប់ពិភពលោក។ ក្នុងឆ្នាំដដែល DALL-E 2 ដែលជាឧបករណ៍បំប្លែងល្បះទៅជារូបភាព (Text-to-Image Generative) ក៏បានដាក់ឱ្យប្រើប្រាស់ផងដែរ។ ក្រោយៗមកទៀតក៏លេចឡើងនូវ Google Bard និងបានប្ដូរទៅជា Google Gemini ជាដើម។ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20) នៅក្នុងក្រុងសៀមរាប នាថ្ងៃទី៧មិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗដូចជាកម្មវិធី OpenAI's Sora ឬកម្មវិធី Gemini របស់ Google សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទាំងអស់នេះគឺសុទ្ធតែជាកម្មវិធី ដែលមានសក្តានុពលយ៉ាងធំធេង ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ។

ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម តួយ៉ាងដូចជាការភ័យខ្លាច និងការព្រួយបារម្ភរបស់សាធារណជនទូទៅអំពីសិទ្ធិ និងឯកជនភាពរបស់ពួកគេ ដែលអាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើមនៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ សម្តេចធិបតីបន្ថែមថា ប្រសិនបើគ្មានការអប់រំ និងជំនាញជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ប្រាកដណាស់ថា ពិតជាមានការលំបាកសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាងរូបភាពសិប្បនិម្មិតជាមួយនឹងរូបភាពដើម។ ពេលខ្លះការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គមនិងរដ្ឋាភិបាល ព្រោះការបំប្លែងរូបភាពដើមតាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណមតិហើយ ក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និងអស្ថិរភាពដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គមក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក៕


