សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាដែលប្រើមិនត្រឹមត្រូវបណ្ដាលឱ្យកើតបទល្មើស សន្តិសុខសាយប័រ និងការឆបោកតាមអនឡាញ
K
Kimhuoy K.
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារឱ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស។ 

ថ្លែងប្រាប់គណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដឹកនាំដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ក្នុងជំនួបពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រទេសអាស៊ានទាំងអស់រួបរួមគ្នាធ្វើការជាមួយគ្នា ហើយចែករំលែកនូវបទពិសោធល្អៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យបច្ចេកវិទ្យាអាចបំពេញតួនាទីបានល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមាន៖ បញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។ 

រូបតំណាង៖ បច្ចេកវិទ្យា
រូបតំណាង៖ បច្ចេកវិទ្យា

បន្ថែមលើនេះ សម្តេចធិបតីបានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់មានសារសំខាន់ សម្រាប់អនុញ្ញាតឱ្យប្រទេសជាតិ ទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ឱ្យបានរុងរឿងបន្ថែមទៀត តាមរយ:ការចូលរួមពីបច្ចេកវិទ្យា។ យ៉ាងណាមិញ បច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្ត្របន្ទាប់សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។ កិច្ចខិតខំប្រឹងប្រែងនេះ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសហការជាមួយរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយនៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ 

ជាចុងក្រោយនៃជំនួបនេះ សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ចំណាស់របស់ប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារសំខាន់ណាស់ សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត