ស្វែងយល់ពីការងាររបស់ក្រុមជំនាញបញ្ញាសិប្បនិម្មិត និងការអនុវត្ត (AI Science and Application)
K
Kimhuoy K.
20 មិថុនា 2024 12:00 PM

រាជធានីភ្នំពេញ៖ ក្រុមជំនាញបញ្ញាសិប្បនិម្មិតនិងការអនុវត្ត (AI Science and Application) ជាផ្នែកមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រ ទាក់ទងនឹងការបង្កើតភ្នាក់ងារឆ្លាតវៃដែលជាប្រព័ន្ធដែលអាចរៀន វិភាគ ដោះស្រាយបញ្ហា និងសម្រេចចិត្តធ្វើសកម្មភាពដោយស្វ័យប្រវត្តិ។ 

បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ ដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រឆ្លាតវៃ ដែលមើលឃើញរូបភាព យល់ភាសាសរសេរនិងនិយាយ វិភាគទិន្នន័យ ព្យាករណ៍ ផ្តល់អនុសាសន៍ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យសិក្សា។ ជំនាញនេះមានមុខរបរសំខាន់ៗចំនួន៣ គឺអ្នកអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត សហការីស្រាវជ្រាវបញ្ញាសិប្បនិម្មិត និងវិស្វករបញ្ញាសិប្បនិម្មិត ឬម៉ាស៊ីនស្វ័យសិក្សា។ ការងារទាំងនេះត្រូវការនូវជំនាញទន់មួយចំនួនពិសេស ការទំនាក់ទំនង ការដោះស្រាយបញ្ហា ការត្រិះរិះពិចារណា ភាពច្នៃប្រឌិត និងភាសាអង់គ្លេស។ 

-អ្នកអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត (AI Application Developer) ទទួលបន្ទុកលើការអភិវឌ្ឍកម្មវិធីដែលបញ្ចូលបច្ចេកវិទ្យា និងម៉ូដែលបញ្ញាសិប្បនិម្មិតក្នុងការបង្កើតកម្មវិធីសុសវែរ។ អ្នកជំនាញនេះប្រើប្រាស់ចំណេះដឹងទាក់ទងនឹងការសរសេរកម្មវិធី និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា ដើម្បីធ្វើការជាមួយវិស្វករបញ្ញាសិប្បនិម្មិតវិស្វករទិន្នន័យ និងអ្នកវិទ្យាសាស្ត្រ ទិន្នន័យ ដើម្បីបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត។ ជំនាញបច្ចេកទេស រួមមាន៖ ស្ថិតិនិងជំនាញម៉ាស៊ីនស្វ័យសិក្សា ការសរសេរកម្មវិធីកុំព្យូទ័រ ក្រមសីលធម៌និងឯកជនភាពបញ្ញាសិប្បនិម្មិត/ទិន្នន័យ បច្ចេកវិទ្យាក្លោដ (Cloud) វិស្វកម្មសុសវែរ សន្តិសុខទិន្នន័យ ការរចនាបទពិសោធនិងផ្ទាំងអ្នកប្រើប្រាស់ (UX/UI Design) ការរចនា និងការគ្រប់គ្រងមូលទិន្នន័យ។

-សហការីស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI Research Associate) មានតួនាទីចូលរួមធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍វិធីសាស្ដ្រ អភិក្រម និងបង្កើតគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយសហការ ជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងវិស្វករក្នុងផ្នែកនេះ។ អ្នកជំនាញនេះទទួលបន្ទុក ផ្តល់ជំនួយបច្ចេកទេសដល់ការស្រាវជ្រាវផ្នែក បញ្ញាសិប្បនិម្មិតពាក់ព័ន្ធទៅនឹងការសិក្សាអំពីដំណោះស្រាយផ្សេងៗលើការប្រមូល ការវិភាគ ទិន្នន័យ ការសរសេរកូដ និងការចងក្រងឯកសារ វិទ្យាសាស្ត្រ។ ជំនាញបច្ចេកទេស រួមមាន៖ ស្ថិតិនិងជំនាញម៉ាស៊ីនស្វ័យសិក្សា ការសរសេរកម្មវិធីកុំព្យូទ័រ ក្រមសីលធម៌ និងឯកជនភាពបញ្ញាសិប្បនិម្មិត/ទិន្នន័យ បច្ចេកវិទ្យាក្លោដ ការវិភាគទិន្នន័យនិងការបង្កើតគំនូសតាងទិន្នន័យ វិធីសាស្ដ្រស្រាវជ្រាវ ការវិភាគដំណើរការនៃភាសាធម្មជាតិ និងចក្ខុទស្សន៍កុំព្យូទ័រ។ 

និង៣-វិស្វករបញ្ញាសិប្បនិម្មិត ឬម៉ាស៊ីនស្វ័យសិក្សា (AI/ML Engineer) ទទួលបន្ទុកលើការរចនា និងបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយជ្រើសរើស អភិវឌ្ឍន៍ និងសាកល្បងវិធីសាស្ដ្រម៉ាស៊ីនស្វ័យសិក្សា ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់បញ្ហានីមួយៗ។ អ្នកជំនាញនេះបង្កើតហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ រួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពក្នុងការធ្វើស្វ័យសិក្សាចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យកាន់តែជឿនលឿន។ ជំនាញបច្ចេកទេស មានដូចជា៖ ស្ថិតិ និងជំនាញម៉ាស៊ីនស្វ័យសិក្សា ការសរសេរកម្មវិធីកុំព្យូទ័រ ក្រមសីលធម៌ និងឯកជនភាពបញ្ញាសិប្បនិម្មិត/ទិន្នន័យ បច្ចេកវិទ្យាក្លោដ វិស្វកម្មសុសវែរ ការវិភាគ និងការបង្កើតគំនូសតាងទិន្នន័យ និម្មាបនកម្មកុំព្យូទ័រ (Computer Architecture) ការរចនាប្រព័ន្ធ និងសុវត្ថិភាព និងបណ្តាញកុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត