
ក្រុមហ៊ុន Open AI បានប្រកាសចេញនូវគំរូបញ្ញាសិប្បនិម្មិតថ្មីរបស់ខ្លួនឈ្មោះថា GPT-4o ដែលមានសមត្ថភាពក្នុងការសន្ទនាជាសំឡេង និងអន្តរកម្មតាមរយៈអត្ថបទ និងរូបភាព ជារបកគំហើញចុងក្រោយបំផុតរបស់ខ្លួន ដើម្បីបន្តឈានទៅមុខក្នុងការប្រជែងដណ្តើមក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ ក្រុមហ៊ុនបញ្ជាក់ថា នឹងធ្វើឱ្យ ChatGPT កាន់តែឆ្លាតវៃ និងងាយស្រួលប្រើ។

សមត្ថភាពសំឡេងថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់និយាយទៅកាន់ ChatGPT និងទទួលបានការឆ្លើយតបតាមពេលវេលាជាក់ស្តែងដោយមិនពន្យារពេល ដែលវាស្រដៀងទៅនឹងពេលវេលាឆ្លើយតបរបស់មនុស្សនៅក្នុងការសន្ទនា ក៏ដូចជារំខានវានៅពេលវាកំពុងនិយាយ។ ក្រុមហ៊ុនប្រឈមមុខនឹងការប្រកួតប្រជែង និងសម្ពាធកាន់តែខ្លាំងឡើងដើម្បីពង្រីកមូលដ្ឋានអ្នកប្រើប្រាស់ ChatGPT ជាផលិតផល chatbot ដ៏ពេញនិយម ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់វា ក្នុងការផលិតមាតិកាដូចការសរសេររបស់មនុស្ស និងកម្មវិធីដែលមានគុណភាពខ្ពស់។

នៅក្នុងការផ្សាយបន្តផ្ទាល់របស់ខ្លួន អ្នកស្រាវជ្រាវ OpenAI បានបង្ហាញសមត្ថភាពជំនួយការសំឡេងថ្មីរបស់ ChatGPT រួមទាំងការបកប្រែភាសាតាមពេលវេលាជាក់ស្តែង។ ប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI លោកស្រី មីរ៉ា មូរ៉ាទី (Mira Murati) បានឱ្យដឹងថា ម៉ូដែលថ្មីនេះ នឹងត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ព្រោះវាមានតម្លៃធូរថ្លៃជាងម៉ូដែលមុនៗរបស់ក្រុមហ៊ុន។ យ៉ាងណា អ្នកប្រើប្រាស់ដែលបង់ប្រាក់ដើម្បីប្រើ GPT-4o នឹងមានដែនកំណត់សមត្ថភាពធំជាងអ្នកប្រើប្រាស់ឥតគិតថ្លៃ។

ម៉ូដែល GPT-4o នឹងមាននៅក្នុង ChatGPT ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ChatGPT ត្រូវបានគេហៅថាជាកម្មវិធីលឿនបំផុតដែលមិនធ្លាប់មាន ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន១០០លាននាក់ ប៉ុន្តែចរាចរទូទាំងពិភពលោកទៅកាន់គេហទំព័របានថយចុះកាលពីឆ្នាំមុន ហើយទើបតែត្រលប់មកកំពូលតារាងនៅខែឧសភា ឆ្នាំ២០២៤។ OpenAI បានធ្វើសេចក្តីប្រកាសនេះមួយថ្ងៃមុនពេល Alphabet គ្រោងនឹងរៀបចំសន្និសីទអ្នកអភិវឌ្ឍ Google ប្រចាំឆ្នាំ ជាកន្លែងដែលត្រូវបានគេរំពឹងថា នឹងបង្ហាញលក្ខណៈពិសេសថ្មីដែលទាក់ទងនឹង AI របស់ខ្លួន៕




