
ជប៉ុន បានបញ្ជាក់ថា មន្ត្រីមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីពិចារណាលើបញ្ហាដែលបង្កឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT ជាដើម។

មេដឹកនាំនៃក្រុម G7 ដែលរួមមាន៖ សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងជប៉ុន កាលពីសប្តាហ៍មុនបានយល់ព្រមបង្កើតវេទិកាអន្តររដ្ឋាភិបាលមួយ ដើម្បីពិភាក្សាអំពីបញ្ហាជុំវិញកម្មវិធី AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ប្រទេសជប៉ុន លោក តាកេគី ម៉ាស៊ូម៉ូតុ (Takeaki Matsumoto) បានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាល G7 នឹងបើកវេទិកាអន្តររដ្ឋាភិបាល លើកដំបូងនៅថ្ងៃទី៣០ ខែឧសភា ដើម្បីពិភាក្សាលើបញ្ហាដូចជាការការពារកម្មសិទ្ធិបញ្ញា ព័ត៌មានមិនពិត និងរបៀបដែលបច្ចេកវិទ្យាគួរតែត្រូវបានគ្រប់គ្រង។ ទន្ទឹមគ្នានោះ នៅក្នុងកិច្ចប្រជុំកំពូល Hiroshima G7 កាលពីសប្តាហ៍មុន មេដឹកនាំក៏បានអំពាវនាវឱ្យបង្កើត និងអនុម័តស្ដង់ដារបច្ចេកទេសអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ AI នៅតែជាប្រភពដ៏គួរឱ្យទុកចិត្ត និងមានលក្ខណៈសមស្របតាមតម្លៃប្រជាធិបតេយ្យរួមប្រទេសជាសមាជិក។ លើសពីនេះ ក្រុមការងារ G7 ជំនាញខាង AI នឹងពិភាក្សាគ្នាជាមួយនឹងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅពេលដែលនិយតករបច្ចេកវិទ្យាទូទាំងពិភពលោក វាយតម្លៃផលប៉ះពាល់នៃសេវាកម្ម AI ដ៏ពេញនិយមដូចជា ChatGPT របស់មន្ទីរពិសោធន៍ OpenAI គាំទ្រដោយ Microsoft។ សហភាពអឺរ៉ុបកាន់តែខិតជិតដល់ការអនុម័តច្បាប់ដ៏សំខាន់ដំបូងគេរបស់ពិភពលោក ស្តីពីបច្ចេកវិទ្យា AI ដោយជំរុញឱ្យរដ្ឋាភិបាលផ្សេងទៀតពិចារណាអំពីវិធានដែលគួរអនុវត្តចំពោះការប្រើប្រាស់កម្មវិធី AI៕


