
អង្គការយូនីសេហ្វ បានព្រមានថា កុមារម្នាក់ក្នុងចំណោម៤នាក់ដែលមានអាយុក្រោម ៥ឆ្នាំនៅទូទាំងពិភពលោក រស់នៅក្នុងភាពខ្សត់ស្បៀងអាហារកម្រិតធ្ងន់ធ្ងរ មានន័យថា កុមារច្រើនជាង១៨០លាននាក់ កំពុងប្រឈមនឹងហានិភ័យនៃផលប៉ះពាល់អវិជ្ជមានលើការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេ...។

លោក ហារៀត តូរឡេសស៍ (Harriet Torlesse) អ្នកនិពន្ធរបាយការណ៍ថ្មីរបស់អង្គការយូនីសេហ្វ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«ភាពខ្សត់ស្បៀងអាហារកុមារធ្ងន់ធ្ងរ បានពិពរណ៌នាអំពីកុមារដែលកំពុងរស់រានមានជីវិតដោយខ្វះខាតយ៉ាងខ្លាំង។ ដូច្នេះ ពួកគេទទួលទានបានតែអាហារពីរក្រុមប៉ុណ្ណោះ ឬតិចជាងនេះ។ វាគួរឱ្យតក់ស្លុតក្នុងសម័យនេះ និងយុគសម័យដែលយើងដឹងពីអ្វីដែលត្រូវធ្វើ»។ អង្គការយូនីសេហ្វ បានព្រមានថា កុមារតូចៗត្រូវបរិភោគអាហារប្រចាំថ្ងៃយ៉ាងហោចណាស់ឱ្យបានប្រាំក្រុមក្នុងចំណោមប្រាំបីក្រុមរួមមាន៖ ទឹកដោះម្តាយ, គ្រាប់ធញ្ញជាតិ, ឫសយិនស៊ិន, មើម និងចេកអំបូង, គ្រាប់សណ្តែក, ទឹកដោះគោ, សាច់បក្សី និងត្រី, ស៊ុត, ផ្លែឈើ និងបន្លែសម្បូរវីតាមីន A និងផ្លែបន្លែផ្សេងៗទៀត។

គួរជម្រាបថា កុមារចំនួន៤៤០លាននាក់ដែលមានអាយុក្រោម៥ឆ្នាំ រស់នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមប្រហែល១០០ប្រទេស កំពុងរស់នៅក្នុងភាពក្រខ្សត់់ស្បៀងអាហារ ដែលមានន័យថា ពួកគេមិនបានទទួលអាហារប្រាំក្រុមក្នុងមួយថ្ងៃនោះទេ។ ក្នុងនោះ កុមារ១៨១លាននាក់កំពុងជួបប្រទះនឹងភាពខ្សត់ស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយទទួលទានក្រុមអាហារច្រើនបំផុតត្រឹមតែពីរក្រុមប៉ុណ្ណោះ។ ប្រធានអង្គការយូនីសេហ្វ លោកស្រី ខេតធឺរីន រ៉ាស់ហ៊្សល (Catherine Russell) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយរបាយការណ៍ថា៖«កុមារដែលទទួលទានអាហារតែពីរក្រុមក្នុងមួយថ្ងៃ ឧទាហរណ៍ អង្ករ និងទឹកដោះគោខ្លះ គឺមានរហូតដល់ទៅ ៥០ភាគ ហើយទំនងជាជួបប្រទះនឹងបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

កង្វះអាហារូបត្ថម្ភនោះ អាចនាំឱ្យមានភាពស្គមស្គាំងខុសធម្មតា ដែលអាចបណ្ដាលឱ្យស្លាប់បាន។ ទោះបីជាកុមារទាំងនោះនៅរស់រានមានជីវិត និងធំឡើងក៏ដោយ ប៉ុន្តែពួកគេក៏មិនប្រាកដថាលូតលាស់ដែរ។ ដូច្នេះ ពួកគេមិនសូវធ្វើបានល្អនៅសាលារៀនដដែល។ គួរបញ្ជាក់ថា ភាពខ្សត់ស្បៀងអាហាររបស់កុមារមានកម្រិតធ្ងន់ធ្ងរ ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសប្រហែល២០ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរជាពិសេសនៅក្នុង៖ ប្រទេសសូម៉ាលី ដែល៦៣ភាគរយនៃកុមារតូចៗ ត្រូវរងផលប៉ះពាល់ ហ្គីណេ ៥៤ភាគរយ ហ្គីណេ-ប៊ីសូ ៥៣ភាគរយ និងអាហ្គានីស្ថាន៤៩ភាគរយ៕





