
រដ្ឋធានីកដ្ឋមណ្ឌូ៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានអះអាងកាលពីថ្ងៃអាទិត្យទី១១ ខែកុម្ភៈថា កុមារប្រហែល៦ម៉ឺន៨ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេដែលបានរួចផុតពីគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រទេសនេប៉ាល់នៅរយៈពេល៨ឆ្នាំកន្លងមកនេះ ត្រូវការជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីកសាងពន្លឺជីវិតរបស់ពួកគេឡើងវិញ។ ការណ៍នេះ កើតឡើងរយៈពេល១០០ថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី បានបំផ្លិចបំផ្លាញផ្នែកខាងលិចនៃប្រទេសជម្រាលជួរភ្នំហិមាល័យមួយនេះ...។

គ្រោះរញ្ជួយដីកម្រិត៦,៤ រ៉ិចទ័រ បានវាយប្រហារស្រុកចំនួនពីរ គឺស្រុកចាចារ្យកូដ Jajarkot និងស្រុករូគមខាងលិច Rukum West ខណៈស្រុកទាំងពីរស្ថិតក្នុងតំបន់ដាច់ស្រយាលភាគខាងលិចនៃប្រទេសនេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៤នាក់ ច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់ គឺជាកុមារ។ មែនទែនទៅ គ្រោះរញ្ជួយដី គឺជាគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីការរញ្ជួយដីចំនួនពីរលើកបានសម្លាប់មនុស្សប្រហែល៩ពាន់នាក់នៅក្នុងឆ្នាំ២០១៥ និងបានបំផ្លាញផ្ទះជាង២ម៉ឺន៦ពាន់ខ្នង និងសំណង់អគារចំនួន ៣ម៉ឺន៥ពាន់ខ្នងផ្សេងទៀត ខូចខាតមិនអាចរស់នៅបាន។

UNICEF បានគូសបញ្ជាក់ថា មនុស្សប្រហែល២សែននាក់ រួមទាំងកុមារ៦ម៉ឺន៨ពាន់នាក់ នៅតែត្រូវការជំនួយមនុស្សធម៌ ដើម្បីរលាស់ខ្លួនចេញពីវិបត្តិមួយនេះ។ ជាចុងក្រោយ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានបន្ថែមថា ខ្លួនកំពុងអំពាវនាវរកមូលនិធិចំនួន១៤,៧លានដុល្លារអាម៉េរិក ដើម្បីផ្គត់ផ្គង់កុមារទាំងនេះ ដែលកំពុងត្រាំខ្លួនក្នុងពិភពអន្ធការមួយនេះ៕





