UNICEF៖ កុមាររាប់លាននាក់ត្រូវការជំនួយជាបន្ទាន់ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយបានវាយប្រហារប្រទេសប៉ាគីស្ថាន
ហៀប ស៊ីថេត
25 សីហា 2023 11:30 AM

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃសុក្រទី២៥ ខែសីហានេះ បានព្រមានថា មួយឆ្នាំក្រោយទឹកជំនន់ដ៏សាហាវបានវាយប្រហារលើប្រទេសប៉ាគីស្ថាន កុមារប្រមាណ ៤លាននាក់ បន្តត្រូវការជំនួយមនុស្សធម៌ និងការទទួលសេវាគាំពារសំខាន់ៗ ដោយសារកង្វះខាតថវិកានៅតែជាឧបសគ្គក្នុងការគាំទ្រ និងការស្តារឡើងវិញ...។

ការព្រមានពីអង្គការយូនីសេហ្វ ធ្វើឡើងនៅពេលដែលអាជ្ញាធរនៅក្នុងខេត្តប៉ុនចាប់ (Punjab) ភាគខាងកើតប្រទេសប៉ាគីស្ថាន កំពុងដុតដៃដុតជើងដើម្បីជម្លៀសប្រជាជនចេញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ គិតត្រឹមតាំងពីថ្ងៃទី១សីហាមក ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសមនុស្សជាង ១សែននាក់ ចេញពីតំបន់គ្រោះថ្នាក់នៅក្នុងស្រុក Kasur និង Bahawalpur។ អង្គការយូនីសេហ្វបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភ្លៀងមូសុងនៅរដូវកាលនេះ កំពុងធ្វើឱ្យស្ថានភាពកាន់តែលំបាក សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ខណៈឃាតករធម្មជាតិនេះបានឆក់យកជីវិតរបស់កុមារចំនួន៨៧នាក់ នៅទូទាំងប្រទេស»។ លើសពីនេះ អង្គការយូនីសេហ្វបានបង្ហាញថាមនុស្សប្រមាណ៨លាននាក់ ខណៈប្រហែលពាក់កណ្តាលនៃពួកគេជាកុមារ បានបន្តរស់នៅដោយគ្មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោក អាប់ឌុលឡាស់ ហ្វាឌី (Abdullah Fadil)
លោក អាប់ឌុលឡាស់ ហ្វាឌី (Abdullah Fadil)

កុមារជាង១,៥លាននាក់នៅតែត្រូវការអន្តរាគមន៍ផ្នែកអាហារូបត្ថម្ភសង្គ្រោះជីវិតនៅក្នុងស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលការអំពាវនាវរបស់អង្គការយូនីសេហ្វនាពេលបច្ចុប្បន្នចំនួន ១៧៣,៥លានដុល្លារនៅតែទទួលបានមូលនិធិត្រឹមតែ ៥៧ភាគរយតែប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ លោក អាប់ឌុលឡាស់ ហ្វាឌី តំណាងអង្គការ យូនីសេហ្វ ប្រចាំប្រទេសប៉ាគីស្ថាន បានលើកឡើងថា៖«កុមារងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់រងការវាយប្រហារដោយទឹកជំនន់ បានរស់នៅយ៉ាងវេទនា ដោយពួកគេ​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ ផ្ទះ​សម្បែង និង​សាលារៀន​»​។

សូមរំឭកថា ជាងប្រាំមួយខែមុន ប្រទេស និងស្ថាប័នអន្តរជាតិរាប់សិបនៅក្នុងសន្និសីទដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានសន្យាជាង ៩ពាន់លានដុល្លារ ដើម្បីជួយប៉ាគីស្ថានសង្គ្រោះ និងស្តារប្រទេសឡើងវិញ ប៉ុន្តែ​ការ​សន្យា​ភាគច្រើន​ស្ថិត​ក្នុង​ទម្រង់​ជា​កម្ចី​សម្រាប់​គម្រោង​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែនការ​នៅឡើយ។ ទឹកជំនន់កាលពីឆ្នាំមុនបានបណ្តាលឱ្យមានការខូចខាតជាង ៣០ពាន់លានដុល្លារ ខណៈដែលតំបន់ដ៏ធំនៃប្រទេសនេះនៅតែស្ថិតនៅក្រោមទឹកអស់រយៈពេលជាច្រើនខែ ដែលប៉ះពាល់ដល់មនុស្សចំនួន ៣៣លាននាក់ និងបានសម្លាប់មនុស្ស១៧៣៩នាក់ បំផ្លាញសាលារៀនចំនួន ៣ម៉ឺនកន្លែង មណ្ឌលសុខភាពចំនួន ២ពាន់កន្លែង និងប្រព័ន្ធធារាសាស្ត្រចំនួន ៤៣០០កន្លែង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត