កម្ពុជាចង់ជួយគុយបាក្នុងការផលិតស្រូវ ក្រោយលំបាកក្នុងការនាំចូលស្បៀង
K
Kimhuoy K.
05 មិថុនា 2024 10:30 AM

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល និងបង្ហាញបំណងជំរុញការនាំចេញ និងនាំចូលនូវផលិតផលទៅវិញទៅមក...។

ការបញ្ជាក់នេះ បានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ គុយបានាពេលបច្ចុប្បន្នមានការលំបាក ដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឱ្យមានការលំបាកក្នុងការនាំចូលស្បៀង។ លោកជំទាវឯកអគ្គរដ្ឋទូតស្ញប់ស្ញែង និងកោតសរសើរកម្ពុជាចំពោះជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបា ក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ 

ស្រូវ
ស្រូវ

ស្របជាមួយគ្នា សម្ដេចតេជោប្រធានព្រឹទ្ធសភាបានផ្ដល់ជាអនុសាសន៍ពាក់ព័ន្ធវិស័យកសិកម្ម ជាពិសេសការផលិតស្រូវ ខណៈកម្ពុជាមានបទពិសោធក្នុងការផលិតស្រូវដោយប្រើរយៈពេលខ្លី ប្រើទឹកតិច អាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ សម្ដេចតេជោ ថាគុយបាអាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះគុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង​ ដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។ យ៉ាងណាមិញ លោកជំទាវបានចាត់ទុកថាសារសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវដែលបានចាប់ផ្តើម ដោយគណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញវិស័យផលិតស្រូវនៅក្នុងប្រទេសគុយបាផងដែរ។

ដោយឡែក ទាក់ទងនឹងវិស័យសុខាភិបាលវិញ លោកជំទាវបានបញ្ជាក់ថា គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល និងមានគោលបំណងចែករំលែកដល់កម្ពុជា។ ប្រទេសទាំងពីរគួរតែមានអនុស្សរណៈយោគយល់គ្នានៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀតដូចជាវប្បធម៌ជាដើម។ លោកជំទាវក៏មានបំណងនឹងធ្វើការជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធនានារបស់កម្ពុជា ដើម្បីសិក្សាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។ ជាកិច្ចឆ្លើយតប ពាក់ព័ន្ធវិស័យវេជ្ជសាស្ត្រ សម្ដេចតេជោបានថ្លែងអំណរគុណដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេស គឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រសិក្សា និងផលិតវ៉ាក់សាំង ដូច្នេះសម្ដេចតេជោបានផ្ដល់អនុសាសន៍ឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតបន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។

លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា
លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា

គួររំឭកផងដែរថា កម្ពុជា-គុយបា មានទំនាក់ទំនងយូរអង្វែងចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋគុយបា បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយ និងការជួយដោះស្រាយបញ្ហាផ្សេងៗនៅលើឆាកអន្តរជាតិទៀតផង។ ក្នុងពេលទស្សនកិច្ចផ្លូវការចុងក្រោយរបស់សម្ដេចតេជោនៅទីក្រុងហាឡាវ៉ាន កាលពីខែកញ្ញាឆ្នាំ២០២២ កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត