ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត១៥នាក់បន្ថែមទៀត បានមកដល់កម្ពុជា
អុន សម្ផស្ស
05 មិថុនា 2024 11:30 AM

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានប្រកាសពីវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចំនួន១៥នាក់ បន្ថែមទៀត..។

ក្រសួងបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់សហការយ៉ាងសកម្ម ជាមួយក្រសួងការបរទេស ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន១៥នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។ គិតត្រឹមថ្ងៃទី៥មិថុនា មានបងប្អូនពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន៧៨នាក់រួចហើយ

ក្រសួងបន្ថែមថា ការមកដល់របស់បងប្អូនពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែមពីនេះទៀត ក្រសួងថា មន្ត្រីជំនាញពាក់ព័ន្ធរបស់ខ្លួន ក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី និងណែនាំអំពីឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

ដោយឡែក ពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញកំពុងត្រូវបានជួយទំនុកបម្រុងកន្លែង ស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។ ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យបងប្អូនពលការិនីបានវិលត្រឡប់មកមាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខ។ គួរំឭកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ​​ប្រជាពលរដ្ឋខ្មែរចំនួន៧៨នាក់ ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត បង្ហោះវីដេអូ​ស្វែង​រក​ការជួយ​សង្គ្រោះពី​អាជ្ញាធរ​ ក្រោយមកក៏ទទួលបានការជួយពីអាជ្ញាធរកម្ពុជា ជាបន្តបន្ទាប់ព្រមទាំងរកឃើញពលរដ្ឋខ្មែរមួយចំនួនទៀតដែលជាប់គាំងនៅទីនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត