តស់! មកស្គាល់គោលដៅទេសចរណ៍វប្បធម៌មួយ ដែលមិនគួររំលងពេលទៅខេត្តបាត់ដំបង
អុន សម្ផស្ស
05 មិថុនា 2024 12:30 PM

ខេត្តបាត់ដំបង៖ បាត់ដំបងជាខេត្តមានទឹកដីធំទូលាយជាប់លំដាប់ទី៥ ដែលមានផ្ទៃដីប្រមាណ១១៧៤៨គីឡូម៉ែត្រការ៉េ ស្ថិតនៅទិសពាយ័ព្យ មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ រីឯខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប រីឯខាងត្បូងវិញជាប់ខេត្តពោធិ៍សាត់។ ដ្បិតខេត្តនេះ ត្រូវគេដឹងថាសម្បូរទៅដោយទីតាំងទេសចរណ៍ជាង១០០កន្លែង តែថ្ងៃនេះ SBM News សូមបង្ហាញជូននៅទីតាំងប្រាសាទបុរាណដ៏ចំណាស់មួយ ដែលអ្នកទៅដល់ទីរួមខេត្តបាត់ដំបងហើយ មិនគួររំលង...។

នោះគឺ «ប្រាសាទស្នឹង» ដែលជាគោលដៅទេសចរណ៍វប្បធម៌មួយ ស្ថិតនៅភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបង ចម្ងាយប្រមាណ២២,៥៨គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ៥៧។ ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងកំលុងសតវត្សរ៍ទី១២ ដោយបែងចែកជាពីរផ្នែក គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ «ប្រាសាទស្នឹង» កសាងឡើងអំពីឥដ្ឋនៅលើដីទួលមានបណ្តោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រលក្ខណៈដូចចេតិយ៍ចំនួន៣ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងគ្នាជាមួយប្រាសាទអង្គរវត្ត និងប្រាសាទនានា ដែលកសាងក្នុងអំឡុងសតវត្សរ៍ទី១២ដែរ។

ប្រាសាទស្នឹងខាងកើត សាងសង់អំពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមមួយ ដែលមានតួប៉មចំនួន៣។ ប៉មកណ្ដាល មានផ្ដែរឆ្លាក់រូបព្រះឥន្ទគង់លើដំរីក្បាលបី (ឯរាវ័ណ) ចំណែកប៉មពីរផ្សេងទៀត មានផ្ដែរដែរ ប៉ុន្តែពុំមានឃើញចម្លាក់អ្វីនោះទេ។ នៅមុខប៉ម ជើង-ត្បូង មានស៊ុមទ្វារធ្វើអំពីពីថ្មភក់ ប្រហែលជាស៊ុមទ្វារនៃយ៉ដែលតភ្ជាប់ពីប៉មទាំង២នេះ ក៏ប៉ុន្តែបានបាក់បែកអស់ហើយគ្រាន់តែនៅសល់ស្លាកស្នាមខ្លះៗល្មមអាចសម្គាល់បាន។ ចំណែកនៅឯខាងមុខប្រាសាទ មានស្រះទឹកធំមួយដែលលាតសន្ធឹងពីជើងទៅត្បូង។ នៅទីប្រាសាទនេះ គេធ្លាប់រកឃើញទេវរូបភេទប្រុសចំនួន៣ និងព្រះកេសទេវរូបភេទប្រុសមួយមានពាក់មកុដ។

ចំណែក ប្រាសាទស្នឹងខាងលិច ជាប្រាសាទទោលធ្វើអំពីថ្មភក់។ ប្រាសាទនេះ មានទ្វារចូលពីគ្រប់៤ទិស ព្រមទាំងមានយ៉ មានផ្ដែរនៅគ្រប់ទ្វារទាំង៤ តែផ្ដែរទ្វារខាងជើងពុំឃើញមានចម្លាក់អ្វីនោះទេ។ នៅលើផ្ដែរទ្វារទាំង៣ទិសផ្សេងទៀត ផ្ដែរទិសខាងកើតមានចម្លាក់រឿងកូរសមុទ្ទទឹកដោះ។ ផ្ដែរទិសខាងលិច មានចម្លាក់រូបព្រះវិស្ណុផ្ទំលើសត្វម្យ៉ាងប្រហែលជា គជសីហ៍ (ជាទូទៅផ្ទំលើ នាគអនន្ត)។ ផ្ដែរទិសខាងត្បូងមានចម្លាក់រូបសត្វតោ៣ក្បាលកំពុងតែទ្រមនុស្ស (ឬទេវតា) ដែលកំពុងលេងចត្រង្គ។ ចំណែកកំពូលប្រាសាទវិញបានបាក់ធ្លាក់ចុះ ដែលយើងពុំអាចចូលទៅខាងក្នុងប្រាសាទបាននោះឡើយ នៅក្បែរប្រាសាទនេះ ក៏ប្រទះឃើញចម្លាក់យោនីដែលបាក់បែកមួយផងដែរ។

គេកត់សម្គាល់ឃើញថា នាពេលកន្លងមកប្រាសាទនេះ មិនសូវទទួលបានការចាប់អារម្មណ៍ចូលទៅកម្សាន្តពីភ្ញៀវទេសចរច្រើនកុះករនោះទេ ហេតុនេះក្នុងនាមជាកុលបុត្រកុលធីតាខ្មែរ គួររួមគ្នាផ្សព្វផ្សាយពីទីតាំងកេរដំណែលដូនតា បើបានទៅដល់ទឹកដីខេត្តបាត់ដំបងហើយ មិនគួរមើលរំលងទីតាំងប្រវត្តិសាស្ត្រនេះទេ។ គួរជម្រាបថា នៅទូទាំងខេត្ត មានគោលដៅទេសចរណ៍ចំនួន១១១ទីតាំង ចែកចេញជាតំបន់រមណីដ្ឋានទេសចរណ៍មានចំនួន២០ទីតាំង សហគមន៍ និងអេកូទេសចរណ៍មានចំនួន០៤ទីតាំង គោលដៅទេសចរណ៍មាន៥៤ទីតាំង ទេសចរណ៍សាសនាមាន២៩ទីតាំង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃ១ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន១ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន១០ទីតាំង និងកីឡាទេសចរណ៍ចំនួន៣ទីតាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត