ទៅលេងខេត្តបាត់ដំបង កុំភ្លេចឆៀងចូលទស្សនាប្រាសាទ៤នេះ មានប្រវត្តិ និងសម្រស់គួរឱ្យគយគន់
S
Sreyleak Yith
12 ម៉ោងមុន

ក្រុងបាត់ដំបង៖ ប្រាសាទបុរាណខ្មែរ មិនមែនមានតែក្នុងទឹកដីខេត្តសៀមរាបទ្បើយ ជាក់ស្តែង បើសិនជាបានទៅលេងខេត្តបាត់ដំបង មានប្រាសាទបុរាណចំនួន៤ មានដូចជា ប្រាសាទបាសែត ប្រាសាទស្នឹង (ស្នឹងលិច, ស្នឹងកើត) ប្រាសាទឯកភ្នំ និងប្រាសាទបាណន់…។

ប្រាសាទបាសែត (រូបពីកណ្តៀរ/មន្ទីរទេសចរណ៍)
ប្រាសាទបាសែត (រូបពីកណ្តៀរ/មន្ទីរទេសចរណ៍)

មន្ទីរទេសចរណ៍ខេត្ត គូសបញ្ជាក់ថា ទី១.ប្រាសាទបាសែត ឈ្មោះដើម ស្រីជ័យក្សេត្រ មានន័យថា ដែនដីនៃជ័យជម្នះ មានទីតាំងស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទនេះសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ឆ្នាំ១០០២-១០៥០ នៃគ្រិស្តសករាជ។ ប្រាសាទបាសែត សាងសង់អំពីថ្មភក់ និងថ្មបាយក្រៀម នៅក្បែរប្រាសាទ មានស្រះទឹកបុរាណមួយ បណ្តោយ២០ម៉ែត្រ ទទឹង១២ម៉ែត្រ និងជម្រៅ១០ម៉ែត្រ។ ប្រាសាទនេះ មានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទៅកម្សាន្ដ ព្រោះនៅជាប់ផ្លូវ ហើយនៅបរិវេណប្រាសាទមានទីធ្លាធំទូលាយ និងមានស្រះទឹកដ៏ល្អប្រណិតមួយ ដែលបានសាងសង់ដំណាលគ្នា នឹងប្រាសាទ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរថយន្ដ ឬម៉ូតូ ដោយឆ្លងកាត់តាមស្ពានថ្មថ្មី រួចជិះតាមដងស្ទឹងសង្កែត្រើយខាងកើត ទៅដល់វត្ដនរាធិបតី បត់ស្ដាំ រួចបន្ដដំណើរត្រង់នឹងទៅដល់ប្រាសាទ

ប្រាសាទបាសែត (រូបពីកណ្តៀរ/មន្ទីរទេសចរណ៍)
ប្រាសាទបាសែត (រូបពីកណ្តៀរ/មន្ទីរទេសចរណ៍)

ទី២.ប្រាសាទស្នឹង៖ ស្ថិតនៅក្នុងបរិវេណវត្តស្នឹង មានទីតាំងនៅភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ២២,៥៨ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ៥៧។ ប្រាសាទនេះត្រូវបានកសាងទ្បើងនៅក្នុងរាជព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០ ដល់១០៦៦ នៃគ្រិស្តសករាជ។ ព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទសូរ្យវរ្ម័នទី១ ដែលជាព្រះមហាក្សត្រកសាងប្រាសាទឯកភ្នំ និងប្រាសាទបាសែត។ កសាងអំពីឥដ្ឋនៅលើដីទួល មានបណ្តោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ មានលក្ខណៈដូចចេតិយ៍ ចំនួន៣ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទនគរវត្ត ឬអង្គរវត្ត និងប្រាសាទនានា ដែលកសាងឡើងក្នុងកំលុងសតវត្សរ៍ទី១២ដែរ។ ប្រាសាទនេះ បែងចែកជាពីរផ្នែក គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ ប្រាសាទស្នឹងខាងលិច សង់អំពីថ្មភក់ និងប្រាសាទខាងកើត ធ្វើអំពីឥដ្ឋលើខឿនតែមួយ។ ព្រះបាទឧទយាទិត្យវរ្ម័នទី២ កសាងប្រាសាទនេះឡើង ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទស្នឹង 
ប្រាសាទស្នឹង 

ទី៣.ប្រាសាទឯកភ្នំ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ មានចម្ងាយ៧គីទ្បូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ និងមានចម្ងាយ១២,២៩គីទ្បូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ប្រាសាទឯកភ្នំ ត្រូវបានកសាងក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះ មានទីធ្លាប្រមាណ៣០ម៉ែត្រ ហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើតទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ និងពីទិសខាងត្បូងទៅទិសខាងជើង មានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុងស្មើគ្នា ធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀម ហើយមានគូរទឹកព័ទ្ធជុំវិញ។  

ប្រាសាទឯកភ្នំ 
ប្រាសាទឯកភ្នំ 

ទី៤.ប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់ នៃភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ មានចម្ងាយប្រមាណ២១គីឡូម៉ែត្រ ពីចំណុចរូបសំណាកលោកតាដំបងគ្រូញ៉ូង។ ជាប្រាសាទមួយដែលនៅមានសភាពល្អជាងគេ បើប្រៀបធៀបនឹងប្រាសាទបីខាងលើ។ ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០–១០៦៦ នៃគ្រិស្តសករាជ សង់ដើម្បីឧទ្ទិសថ្វាយអាទិទេពក្នុងព្រហ្មញ្ញសាសនា៕

ប្រាសាទបាណន់ (រូប NaGa-ណាហ្គា/Phonn Kaevkynaga/សិស្ស១០០គ្រូ)
ប្រាសាទបាណន់ (រូប NaGa-ណាហ្គា/Phonn Kaevkynaga/សិស្ស១០០គ្រូ)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត