
ទីក្រុងព្រៃនគរ៖ ការផ្ទេរប្រាក់ពីក្រៅប្រទេសទៅកាន់ទីក្រុងព្រៃនគរ ឬដែលគេស្គាល់ជាទូទៅថាក្រុងហូជីមិញ បានឈានដល់ទឹកប្រាក់២,៨៦ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ចំនួននេះកើនឡើងជាង៣៥ភាគរយ ដែលជាតួលេខកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា...។

យោងតាមទិន្នន័យរបស់ធនាគាររដ្ឋវៀតណាមនៅទីក្រុងព្រៃនគរ ការផ្ទេរប្រាក់ពីតំបន់អាស៊ីមានចំនួន ជាង៥៩ភាគរយនៃចំនួនសរុប ជាមួយនឹងកំណើន៧,៥ភាគរយពីត្រីមាសទី៤នៃឆ្នាំ២០២៣។ ទន្ទឹមនឹងនេះដែរ ការផ្ទេរប្រាក់ពីអឺរ៉ុប និងទ្វីបអូសេអានី បានធ្លាក់ចុះពីត្រីមាសទី៤នៃឆ្នាំ២០២៣។ អ្នកជំនាញក្នុងស្រុក បានកត់សម្គាល់ថា ទោះបីជាបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកកំពុងបន្ត និងជម្លោះភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញក៏ដោយ តួលេខនេះ បានឆ្លុះបញ្ចាំងពីនិន្នាការរីកចម្រើនជាបន្តបន្ទាប់ ដោយការផ្ទេរប្រាក់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងពាណិជ្ជកម្មដ៏ធំនៃដែនដីកម្ពុជាក្រោមមួយនេះ។

លើសពីនេះ សេវាទូទាត់នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតនៃភាគខាងត្បូងវៀតណាមដដែល មានភាពប្រសើរឡើង ធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។ យោងតាមទិន្នន័យផ្លូវការ ការផ្ទេរប្រាក់ទៅកាន់ទីក្រុងព្រៃនគរបានកើនឡើង១៤,២ភាគរយ និង១៩,៤ភាគរយនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ និង២០២៣រៀងគ្នា៕



