
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្តម ស៊ុំ ម៉ាប់ ថាបញ្ហាបណ្ឌិតច្នៃម៉ូត ឯម រៀម ស្លៀកពាក់មិនសមរម្យរងនូវការរិះគន់ពីមហាជន ក្នុងតំណាក់កាលនេះ ក្រសួងមិនមានចំណាត់ការអ្វីនោះទេ ដោយនៅបន្តមានវិធានការទន់ភ្លន់ ហើយក្រសួងទុកឱ្យមហាជនក្នុងសង្គមជាអ្នកដាក់ពិន័យលើបុគ្គលនោះវិញ។ នេះបើតាមសម្តីអ្នកនាំពាក្យប្រាប់ SBM News តាមតេឡេក្រាមនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤…។

ឯកឧត្តម ស៊ុំ ម៉ាប់ បញ្ជាក់ថា៖ «សំខាន់..ការធ្លាក់ចុះនៃតម្លៃផ្ទាល់ខ្លួនរបស់បុគ្គលហ្នឹងយើងមើលឃើញតាមបណ្តាញសង្គមហើយណាប្អូន! អ៊ីចឹង...ទុកឱ្យសង្គមជាអ្នកដាក់ពិន័យគាត់ក្នុងតំណាក់កាលបណ្តោះអាសន្នហ្នឹងចុះ!»។ អ្នកនាំពាក្យរូបនេះបន្ថែមថា៖«ពិបាកណាស់ប្អូន..!ប៉៉ុនមើលទៅសាធារណជនគេមិនចូលចិត្តគាត់ហ្នឹងទេគាត់ធ្វើឱ្យរូបភាពហ្នឹងប៉ះពាល់..ហៅមកមិនស្តាប់ យើងបន្តមានវិធានការទន់ភ្លន់តទៅទៀត យើងពឹងផ្អែកទៅលើសាធារណមតិឱ្យគាត់វាយតម្លៃទៅលើបុគ្គលម្នាក់ហ្នឹងទៅ បើគាត់ចង់ល្បីទម្រង់ហ្នឹងបន្តទៀត ចាំយើងមានវិធានការផ្សេងៗទៀតប្អូន!»។

ការបញ្ជាក់ពីបញ្ហា បណ្ឌិតច្នៃម៉ូត ឯម រៀម វ័យជាង៥០ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូតពីប្រទេសបារាំង របស់អ្នកនាំពាក្យក្រសួងវប្បធម៌ ធ្វើឡើងឆ្លើយតបទៅនឹងមហាជនដែលបានស្នើឱ្យក្រសួងបញ្ឈប់អ្នកច្នៃម៉ូតចាស់វស្សារូបនេះ ចូលរួមក្នុងកម្មវិធីបែបវប្បធម៌ខ្មែរទាំងលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ។ ព្រោះមហាជនយល់ថា បុគ្គលរូបនេះ តែងតែស្លៀកសម្លៀកបំពាក់ចេញមកបែបខុសទំនង បើទោះបីជាបានរៀនមានសញ្ញាបត្របណ្ឌិតច្នៃម៉ូត ប្រឡូកក្នុងវិស័យនេះជិត៣០ឆ្នាំក៏ពិតមែន តែសកម្មភាពសិល្បៈនៃការតុបតែងខ្លួន គឺមិនចុះចំណោមនឹងគេទេ។

ទោះយ៉ាងណា សាមីខ្លួនហាក់មិនទទួលយកការរិះគន់របស់មហាជនស្ទើរមួយប្រទេសនោះឡើយ ដោយបានចេញមុខអះអាងថា ការច្នៃម៉ូតដែលបានស្លៀកទៅចូលរួចកម្មវិធីសម្ពោធបទចម្រៀងទេវរាជ របស់អ្នកនាងទេព បូព្រឹក គឺមានការរួមបញ្ចូលតាមរូបគំនូរនៃជញ្ជាំងប្រាសាទខ្មែរ ហើយបង្កើតបានជាឈុត «រាជិនីAI» ដែលបានការរចនាបានច្របាច់បញ្ចូលរវាងវប្បធម៌សម័យបុរាណ និងសម័យទំនើប ដោយច្នៃចេញពីគ្រឿងអេលិចត្រូនិចបែបសិចស៊ី ដើម្បីចូលរួមក្នុងកម្មវិធីដែលប្រជុំដោយសិល្បករ-សិល្បការិនី រួមគ្នាតុតែងខ្លួនបែបសម័យបុរាណខ្មែរ ដើម្បីលើកតម្លៃវប្បធម៌ជាតិដ៏ផូផង់របស់ដូនតាខ្លួន។ ទោះជាមានការពន្យល់បែបនេះក្ដី តែមហាជននៅតែយល់ថា បណ្ឌិតច្នៃម៉ូត ឯម រៀម បានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌បុរាណខ្មែរយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលបណ្ឌិតច្នៃម៉ូតរូបនេះ ធ្វើខ្លួនក៏ដូចជាបញ្ចេញយោបល់បែបខុសទំនងហើយទទយលរងនូវការរិះគន់ពីមហាជន។ គេនៅចាំបានថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកច្នៃម៉ូតរូបនេះ ក៏ត្រូវបានក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់ម្ដងរួចមកហើយ លើករណីមិនបញ្ឈប់រាល់ការប្រើប្រាស់រូបភាពនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកបានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយធម៌ខ្ពង់ខ្ពស់ម្នាក់៕



