
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងជម្រាបជូនលោកស្រីនាយិកាសហគ្រាស ចែឌី និងម្ចាស់អាជីវកម្មបញ្ចាំគ្មានអាជ្ញាបណ្ណពី ន.អ.ប. ចំនួន៤ទៀត ឱ្យមកបង់ប្រាក់ផាកពិន័យមិនលើសពី១៥ថ្ងៃនៃសេចក្តីជូនដំណឹងជាកំហិត បើពុំនោះទេ ន.អ.ប. នឹងអនុវត្តវិធានការច្បាប់ជាធរមាន...។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ន.អ.ប. បានឱ្យដឹងយ៉ាងដូច្នេះថា សូមជម្រាបជូនលោកស្រីនាយិកាសហគ្រាស ចែឌី ទទួលបញ្ចាំ គ្រឿងអលង្ការ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៥ ផ្លូវ២៩ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជ្រាបថា៖«សហគ្រាស ចែឌី ទទួលបញ្ចាំ គ្រឿងអលង្ការ បានធ្វើអាជីវកម្ម ប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលល្មើសនឹងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះ ថ្ងៃទី៣០ ខែខុសភា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន និងប្រកាស លេខ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួល ប្រាតិភោគដោយអនុប្បទាន និងទទួលរងការផាកពិន័យពី ន.អ.ប. ចំនួន១០.០០០.០០០ រៀល (ដប់លាន រៀលគត់)»។

កន្លងមក ន.អ.ប. បានចេញលិខិតផាកពិន័យលេខ ៤០៨១/២៣ ន.អ.ប. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលិខិតក្រើនរំលឹកលេខ ៤៧៩១/២៣ ន.អ.ប. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយទុករយៈពេលមិនលើសពី១៥(ដប់ប្រាំ)ថ្ងៃ ប៉ុន្តែរហូតមកដល់ពេលនេះ សហគ្រាសមិនទាន់បង់ប្រាក់ផាកពិន័យនេះនៅឡើយទេ។ ហេតុនេះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមអញ្ជើញលោកស្រី នាយិកាសហគ្រាស ចែឌី ទទួលបញ្ចាំ គ្រឿងអលង្ការ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមលេខ ៤២០៧/២៣ ន.អ.ប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរយៈពេលមិនលើសពី១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ។

ដោយឡែក នៅថ្ងៃដដែលនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ន.អ.ប. បានចេញសេចក្តីជូនដំណឹងមួយបន្ថែមទៀត ជម្រាបជូនម្ចាស់អាជីវកម្មទទួលបញ្ចាំចំនួន៤បន្ថែមតៀតដែលមិនទាន់បានមកបង់ប្រាក់ផាកពិន័យដូចគ្នាដែលរួមមាន៖ ទី១.សហគ្រាស ហាងបញ្ចាំ អ៊ីហ្ស៊ី វីលីណា មានទីតាំងនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវទទួលរងនូវការផាកពិន័យចំនួនទឹកប្រាក់១០លានរៀល។ ទី២.សហគ្រាសបញ្ចាំ វ៉ាយវ៉ាយភី មានទីតាំងនៅសង្កាត់សាលាកំរើក ក្រុងសៀមរាបដែលត្រូវទទួលរងនូវការផាកពិន័យចំនួនទឹកប្រាក់១០លានរៀល។ ទី៣.ក្រុមហ៊ុន មេហ្គា ហ្វាយនែន សាខាស្វាយលើ មានទីតាំងនៅសង្កាត់ស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវទទួលរងនូវការផាកពិន័យចំនួនទឹកប្រាក់១០លានរៀល។ និងទី៤.សហគ្រាស ហាងបញ្ចាំ បង រិទ្ធី មានទីតាំងនៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវទទួលរងនូវការផាកពិន័យចំនួនទឹកប្រាក់១០លានរៀល។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ន.អ.ប. គូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាសខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមបង់ប្រាក់ផាកពិន័យ ដែលបានប្រគល់ជូនក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះជាកំហិត។ ក្នុងករណីនៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុនសហគ្រាស ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ន.អ.ប. សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចខាងលើឱ្យបានត្រឹមត្រូវ...៕




