
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបិទបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «សុក្រិតវិនិច្ឆ័យ II» ស្ថិតក្នុងក្រុងកំពង់ចាម ក្រោយក្រុមការងារការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃទី២មិថុនា ឆ្នាំ២០២៤។

ក្រសួងអះអាថា ដោយយោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ «សុក្រិតវិនិច្ឆ័យ II» ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវសុរិយាវរ្ម័នទី២ ភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រោយការពិនិត្យ ក្រសួងសម្រេចបិទទីតាំងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅឯកជន ដែលមានលិខិតអនុញ្ញាតលេខ ០៦៣/២៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ របស់លោកស្រី លី ហ្គេតា។ ក្នុងនោះក្រសួងក៏តម្រូវឱ្យ លោកស្រី លី ហ្គេតា ទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់សកម្មភាព និងបទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងការបិទតាំង បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅរបស់ខ្លួន។

ទោះជាយ៉ាងណា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាន ពុំបានបញ្ជាក់ពីមូលហេតុនៃការបិទបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅឯកជននេះទេ ដោយគ្រាន់តែបញ្ជាក់ថា បានបិទក្រោយចុះពិនិត្យលើសុពលភាពនៃលិខិតអនុញ្ញាតដែលចេញដោយច្រកចេញចូលតែមួយរបស់សាលាក្រុងកំពង់ចាម។ ពិនិត្យលើវិសាលភាពនៃការប្រកបវិជ្ជាជីវៈ ស្របទៅតាមលិខិតអនុញ្ញាត។ ពិនិត្យលើវត្តមានអ្នកទទួលខុសត្រូវបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ និងពិនិត្យលើអាជ្ញាបណ្ណគណៈវិជ្ជាជីវៈ អ្នកទទួលខុសត្រូវ និងបុគ្គលិកបម្រើការ៕






