តិចអត់ដឹង..! ទៅលេងកំពង់សោមក្រៅពីមានឆ្នេរសមុទ្ទដ៏ស្រស់ស្អាតហើយ ក៏នៅមានរមណីដ្ឋានល្បាក់ទឹកកែច្នៃព្រៃនប់មួយទៀត ដែលអ្នកទេសចរមិនគួរមើលរំលង
អាន ប៊ុនរ័ត្ននៈ
02 មិថុនា 2024 11:00 AM

ស្រុកព្រៃនប់៖ រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ ជារមណីយដ្ឋានកែច្នៃ នៅក្នុងឆ្នាំ២០០៤ ក្បែរជើងភ្នំដែលមានទីតាំងស្ថិតនៅដីចម្ការឧកញ៉ាមួយកន្លែង។ រមណីយដ្ឋាននេះ មិនទាន់ស្ថាបនារួចរាល់ជាស្ថាពរនៅឡើយទេ ប៉ុន្តែភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាបានជាបណ្តើរៗហើយដែរ....។

សម្រាប់ថ្ងៃសម្រាកចុងសប្តាហ៍នេះ អង្គភាពសារព័ត៌មាន SBM News សូមណែនាំអារម្មណ៍ប្រិយ៍មិត្តឱ្យស្គាល់រមណីយដ្ឋានកែច្នៃថ្មីមួយដែលមានឈ្មោះថា រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ មានទីតាំងស្ថិតនៅក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយផ្លូវប្រមាណ៣៩គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភូមិសាស្ត្រខាងលើ ហើយបត់ចូលតាមផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រហែលជាង៣គីឡូម៉ែត្រ ដោយចំណាយពេលត្រឹមតែ១៥នាទី នឹងទៅដល់រមណីយដ្ឋានកែច្នៃទឹកធ្លាក់ព្រៃនប់នេះហើយ។

រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ មានទេសភាពធម្មជាតិព្រៃភ្នំ និងមានខ្សែទឹកហូរចុះពីលើភ្នំគួរឱ្យចង់គយគន់ គួបផ្សំនឹងចម្ការស្រការនាគដែលមានអាងទឹកចំនួន១១កន្លែង និងមានខ្យូសអង្គុយលេងចំនួន៣០។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិទៅទស្សនាជាបន្តបន្ទាប់ដែរ ជាពិសេសថ្ងៃសម្រាក និងនៅថ្ងៃចុងសប្តាហ៍។ សម្រាប់ការធ្វើដំណើរទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ ភ្ញៀវទេសចរ គឺមានភាពងាយស្រួលដោយមានចំណតរថយន្តធំទូលាយ អាចឱ្យភ្ញៀវទេសចរធ្វើការចតផ្ទាល់នៅក្នុងទីតាំងរមណីយដ្ឋានបានថែមទៀតផង។

ដោយឡែក សម្រាប់ភ្ញៀវទេសចរដែលចង់ស្នាក់នៅសម្រាកលម្ហែកាយក្នុងរមណីយដ្ឋានទឹកធ្លាក់ព្រៃនប់ គឺនៅពុំទាន់មាននៅឡើយទេ ខណៈម្ចាស់រមណីដ្ឋានថ្មីនេះ កំពុងរៀបចំកសាងដូចជាផ្ទះសំណាក់, បឹងហ្គាឡូ, និងសណ្ឋាគារនាពេលខាងមុខ។ ដូច្នេះ ចំពោះភ្ញៀវទេសចរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តមកលេងនៅខេត្តព្រះសីហនុ ហើយក្រៅពីចង់ងូតទឹកសមុទ្ទ ក៏អាចអញ្ជើញមកលេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តផងដែរ ជាពិសេស រមណីយដ្ឋានល្បាក់ទឹកព្រៃនប់ កែច្នៃថ្មីនេះ គឺពិតជាបង្កើនបរិយាកាសល្អក្នុងអំឡុងដំណើរកម្សាន្តរបស់ខ្លួន ឱ្យកាន់តែសប្បាយរីករីយបន្ថែមមួយកម្រិតទៀតមិនខានឡើយ៕ រាយការណ៍ដោយ៖ ភ្នាក់ងារព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត