ក្រសួងសាធារណការ ស្នើគ្រប់ភាគីបញ្ឈប់វប្បធម៌អន្តរាគមន៍ករណីរថយន្តដឹកលើសទម្ងន់
អុន សម្ផស្ស
02 មិថុនា 2024 10:00 AM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ រាល់ពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ស្របពេលអាជ្ញាធរខេត្តបាត់ដំបង ឃាត់រថយន្ដដឹកលើសទម្ងន់៣គ្រឿងពិន័យប្រាក់​ និងឃាត់ទុករយៈពេល០១ឆ្នាំ…។

រូបភាព៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកបាណន់​ ខេត្តបាត់ដំបង កាលពីថ្ងៃទី១មិថុនា​ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ​ និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅផ្លូវកំពីងពួយ​ ភូមិក្រពេីជើង ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

ប្រតិបត្តិការនោះ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន៤គ្រឿង​ ក្នុងនោះ មានយានយន្ត១គ្រឿង​ ដឹកលើសក្នុងកម្រិតអនុគ្រោះ​ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខ​ ចំណែក​យានយន្តចំនួន​ ៣គ្រឿងផ្សេងទៀត​ ក្រសួងរកឃើញថា ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី១៥ ដល់៣០តោន ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ។ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ទន្ទឹមនឹងការឃាត់បានរថយន្តដឹកលើសទម្ងន់ទាំងនោះ ក្រសួងលើកឡើងជាសំណើចំៗទៅកាន់អ្នកពាក់ព័ន្ធឱ្យបញ្ឈប់វប្បធម៌អន្តរាគមន៍ ខណៈក្រសួងផ្ទាល់អះអាងថា ​នឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង។ ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា«សូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់​ និងស្នើសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ​ ម្ចាស់រថយន្តធុនធ្ងន់​ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ  សូមកុំដឹកជញ្ជូនលើសទំនិញកម្រិតកំណត់  ហើយចូលរួមអនុវត្ត និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់ជាធរមាន។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង»

គួរជម្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​តាមប្រភេទយានយន្តត្រូវបានក្រសួងកំណត់រួមមាន៖ យានយន្ត២ភ្លៅ អនុញ្ញាតឱ្យដឹកបាន​ទម្ងន់ ​១៦តោន។ យានយន្តសណ្តោងរ៉ឺម៉ក ​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមាន៦ភ្លៅ​ ឡើងទៅ​ អាចដឹកបានទម្ងន់កំណត់ ​៤៥តោន។ ចំពោះរថយន្តដែលផ្ទុកលើសចាប់ពី២០ភាគរយឡើងទៅនឹងត្រូវរងពិន័យ ដកបណ្ណបើកបរព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុក១ឆ្នាំ។ រក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង។ ឈានទៅបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្ដងរួចមកហើយ និងនៅតែបន្តប្រព្រឹត្តល្មើសទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត