ជំទាវទី១កម្ពុជា៖ ប្រតិភូចេញក្រៅប្រទេសគួរនាំកសិផលខ្មែរធ្វើជាកាដូ ដើម្បីផ្សព្វផ្សាយធ្វើទីផ្សារ
អុន សម្ផស្ស
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអំពាវនាវ និងរំឭកដល់ថ្នាក់ដឹកនាំ គណៈប្រតិភូធំៗដែលបានធ្វើដំណើរចេញទៅក្រៅប្រទេស ត្រូវគិតគូរនាំយកផលិតផលកសិកម្មខ្មែរទៅជាមួយ ដើម្បីធ្វើជាអំណោយផ្ញើដល់បណ្តាប្រទេសដទៃ ដែលជាការជួយផ្សព្វផ្សាយពីផលិតផលខ្មែរបានមួយកម្រិតទៀត...។

លោកជំទាវថ្លែងយ៉ាងដូច្នេះថា៖«នាងខ្ញុំបានពិភាក្សាជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ យើងគួរតែរៀបចំឱ្យមានគ្រាប់ស្វាយចន្ទី មានអ្វីផ្សេងទៀតដែលជាផលិតផលក្នុងស្រុកយើង ដើម្បីជូនជាកាដូ ជូនទៅគាត់ [ប្រតិភូក្រៅប្រទេស] ហើយក៏យើងដឹងថា ពេលដែលគាត់បានភ្លក់ គាត់ដឹងថា នេះគឺជាផលិតផលកសិផលរបស់ខ្មែរ ពេលខ្លះត្រឡប់មកវិញ ឬមួយក៏គាត់បានស្គាល់ក្រុមហ៊ុនណា ដែលគាត់នៅក្នុងស្រុករបស់គាត់ គឺគាត់ទទួលថា ខ្មែរយើងមានផលិតផលដែលល្អចឹង គឺគាត់អាចនឹងទាក់ទងមក»

លោកជំទាវទី១នៃកម្ពុជា បានលើកឧទាហរណ៍បន្ថែមថា ពេលណាដែលលោកជំទាវអញ្ជើញទៅក្រៅប្រទេស គឺតែងតែមានកាដូជូនទៅដល់ថ្នាក់ដឹកនាំធំៗ ប្រទេសដទៃទៀត ឬតាមបណ្តាក្រុមហ៊ុន ប៉ុន្តែកន្លងទៅគណៈប្រតិភូ ក៏ដូចជាលោកជំទាវផ្ទាល់ គឺតែងតែប្រើប្រាស់ សូត្រ ឬមួយក៏ជាប្រភេទវត្ថុបុរាណ។ ចំណុចនេះ លោកជំទាវសង្កត់ធ្ងន់ថា៖«កន្លងមក គឺយើងបានប្រម៉ូតតែគ្រឿងសូត្ររបស់យើង មានសូត្រ មានចម្លាក់ ធ្វើផ្តិលប្រាក់អីអស់ហ្នឹង គឺយើងបានជួយជូនជាកាដូហ្នឹង បានន័យថា ជាការប្រម៉ូត ផលិតផលរបស់យើង។ ប៉ុន្តែយើងភ្លេច ប្រម៉ូតនៅលើកសិផលកសិកម្មរបស់យើង ដែលយើងតែងថា យើងចង់រកទីផ្សារជូនដល់ប្រជាពលរដ្ឋរបស់យើង»

ក្នុងន័យនេះលោកជំទាវចង់ឱ្យគណៈប្រតិភូទាំងអស់​ គួរងាកមកប្រើប្រាស់ផលិតផលកសិកម្ម មានដូចជាគ្រាប់ស្វាយចន្ទី តំណាប់ស្វាយខ្មែរជាដើម។ល។ មកជំនួសវិញ។ លោកជំទាវបន្ថែមថា៖«ចឹង..នេះហើយ គឺជាឱកាសមួយដែលឱ្យពួកគាត់សាកល្បង ដូចជាគ្រាប់ស្វាយចន្ទី ស្វាយកែវរមៀត ដែលយើងធ្វើជាកញ្ចប់ៗនោះ អាស្ងួតៗនោះ យើងជូនការដូរទៅគាត់ហ្នឹង គាត់បានភ្លក់ភ្លាមតែម្ដង បានសាកភ្លាមៗ»។ 

គួរជម្រាបថា ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ រៀបចំឡើង ដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍ និងវេទិកាពិភាក្សានេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុក​សម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត