
រាជធានីភ្នំពេញ៖ សមាគមសិល្បករខ្មែរបានរៀបចំពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វា(CCIC) នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី។

ពិធីនេះធ្វើឡើងក្នុងគោលបំណងជួបជុំរំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ។ មានប្រសាសន៍នៅក្នុងពិធីនោះ សម្តេចធិបតីបានលើកឡើងថា សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។ បន្ថែមពីនេះ សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា៖ «ទន្ទឹមនឹងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ជាតិ និងអភិវឌ្ឍបន្ថែមទៀតស្របតាមស្ថានភាពបច្ចុប្បន្ន យើងក៏ត្រូវពិនិត្យមើលលើការអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យខ្ពស់ផងដែរ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ ជាដើម»។

ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួនដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីជំរុញលើកទឹកចិត្តនិងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបានឋិតថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ គួររំលឹកផងដែរថា សិល្បករខ្មែរតាមរយៈស្នាដៃនិងទេពកោសល្យរបស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធនិងចំណេះដឹងនៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជាងនេះទៅទៀត សិល្បករខ្មែរដ៏ច្រើនរាប់មិនអស់នៅគ្រប់ជំនាន់បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានា ក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើងឱ្យលេចធ្លោតាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ ឱ្យនៅដិតដាម ជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប៕











