
សិល្បៈ៖ អតីតហ្វ្រេសស៊ីប៊យ ក្នុងឆ្នាំ២០០៧ លោក ជា វណ្ណារិទ្ធ បច្ចុប្បន្នជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងបន្ទាប់ពីលោកបង្ហាញនៅវីដេអូសកម្មភាពពិធីករពិធីការិនីដែលចូលរួមអត្ថាធិប្បាយក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដា្ឋនជាតិមរតកតេជោ កាលពីពេលកន្លងទៅ។

តាមរយៈវីដេអូដែលលោក ជា វណ្ណារិទ្ធ ផុសកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយសំណេរថា៖« បទពិសោធថ្មីរបស់ខ្ញុំ អរគុណថ្នាក់ដឹកនាំដែលបានផ្តល់កិត្តិយសដល់រូបខ្ញុំបាទ អ្នកមីងសម្ភស្ស ប្អូនស្រី Abby និង Mr.Nav ចូលរួមអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អារម្មណ៍របស់ទស្សនិកជន ដែលស្រែកហ៊ោកងរំពងពេញពហុកីឡដ្ឋានជាតិមរតកតេជោនិងអារម្មណ៍ពិធីករ ព្រមទាំងក្រុមការងារក្នុងបន្ទប់ ស្ទូឌីយូ ម្យ៉ាងម្នាក់ ហើយក៏រំភើបដូចគ្នា»។ យ៉ាងណាក្ដី ក្រោយការឱ្យដឹងរបស់លោកយ៉ាងដូច្នេះក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិបង្ហាញអារម្មណ៍រំភើបរីករាយពេលដែលបានឃើញនៅសកម្មភាពធ្វើការរបស់លោកព្រមជាមួយពិធីករពិធីការិនីផ្សេងទៀត។

ហើយអ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងគឺឃើញមានវត្តមានពិធីការិនីឆ្នើមជើងចាស់ អ្នកស្រី ប្រាក់ សម្ផស្ស ដែលជាអ្នកអត្ថាធិប្បាយព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាធំៗតាំពីអំឡុងឆ្នាំ១៩៩៧ មកម៉្លេះ ពោលគឺអ្នកស្រីតែងតែមានវត្តមានអត្ថាធិប្បាយក្នុងពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនទៀត។ ជាហេតុធ្វើឱ្យអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់នោះទេដោយអ្នកខ្លះបានលើឡើងថា៖«អត្ថាធិប្បាយល្អណាស់សំឡេងឡើងគួរឱ្យចង់ហ៊ោសំឡេងនេះអ្នកអត្ថាធិប្បាយ បុណ្យអុំទូក ដែរល្អលះធ្ងន់ស្ដាប់ហើយជក់ចិត្តណាស់់»។
ដោយឡែកអ្នកខ្លះទៀតថា៖« ថ្ងៃបើកកម្មវិធីរំភើបខ្លាំងណាស់ តែពេលបងយកខ្លឹមសារតិចៗមកបកស្រាយចឹងទៀតធ្វើឱ្យងាយស្រួលមើល និងរិតតែរំភើបខ្លាំងលើសពីរំភើបក្រៃលែង អរគុណបងសម្រាប់វីដេអូមួយនេះ»។ ទន្ទឹមនឹងនោះអ្នកគាំទ្រក៏បានបន្ថែមថាអ្នកអត្ថាធិប្បាយកម្មវិធីបើកស៊ីហ្គេមលើកទី៣២នៅកម្ពុជាពិតជាមានសំឡេងល្អខ្លាំងណាស់ស្តាប់ហើយចង់ស្ដាប់ទៀត៕







