
សិល្បៈ៖ លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេងចម្រៀង «មោទនភាពជាតិខ្មែរ» បានស្នើសុំទៅថ្នាក់ដឹកនាំមេត្តាយោគយល់អនុគ្រោះបញ្ចូលបទចម្រៀងរបស់ខ្លួន ទៅក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

តាមរយៈហ្វេសប៊ុកអ្នកនិពន្ធបទភ្លេងរូបនេះ បានអំពាវនាវថា សូមកុំបំភ្លេច ឬបោះបង់បេតិកភណ្ខរបស់ខ្មែរមួយនេះចោលអី បទមួយនេះគឺនៅតែគង់វង្សស្ថិតនៅក្នុងបេះដូង ដួងវិញ្ញាណរបស់កូនខ្មែរគ្រប់រូប បទនេះសក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំមួយនេះ បង្ហាញទៅកាន់ពិភពលោក។ « ខ្ញុំជឿជាក់ថា កូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈចង់ឃើញ ចង់ឮ ចង់ស្ដាប់ ក្នុងការគាំទ្របទ មោទនភាពជាតិខ្មែររបស់ខ្មែរយើងនេះ ដូចជាខ្ញុំបាទផងដែរ ក្នុងការយកមកបង្ហាញក្នុងព្រឹត្តិការណ៍ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះ។ ដូចបានជម្រាបជូនខាងលើនេះ សូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះដល់ខ្ញុំបាទ ក្នុងប្រការខុសឆ្គងខ្វះខាតដោយអចេតនា ក្នុងនាមខ្ញុំបាទជាកូនខ្មែរ ដែលមានតំណក់ឈាមជាខ្មែរមួយរូបផងដែរ»។

គួរបញ្ជាក់ថា ពិធីបិទផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅវិមានពហុកីឡដា្ឋនជាតិមរតកតេជោ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុននេះ ហើយបើតាមការគ្រោងទុក របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ចម្រៀងដែលត្រូវសម្តែងក្នុងពិធីបិទព្រឹត្តិការណ៍មានដូចជា៖ ទី១.សិល្បៈចម្រៀង «VICTORY FOR ALL» និងទី២.សិល្បៈចម្រៀង «CAMBODIAN PRIDE»ជាដើមល។ល។...៕





