បិតាប្រជាធិបតេយ្យ​អាម៉េរិក ​ដាក់ក្ដីបារម្ភចំពោះ​ការ​កាត់​ទោស​អ្នក​តស៊ូ​មតិ​ដើម្បីសិទ្ធិ​នៅ​វៀតណាម
ហៀប ស៊ីថេត
02 មេសា 2024 07:30 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី១ ខែមេសា បានលើកឡើងពីក្ដីព្រួយបារម្ភអំពីការកាត់ទោសអ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ នៅក្នុងប្រទេសវៀតណាម រួមទាំង៥នាក់ដែលបានចាប់កាលពីខែមករា ខណៈបងធំអាម៉េរិកបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រទេសកុម្មុយនីស្ដមួយនេះ គោរពសេរីភាពនៃការបញ្ចេញមតិ សមាគម និងសាសនា។

អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ បានបង្កើនការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម និងបានជំរុញឱ្យរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃឌិន លើកឡើងពីកង្វល់ទាំងនេះនៅក្នុងទំនាក់ទំនងការទូតរវាងអាម៉េរិក-វៀតណាម។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងកាលពីខែមីនាថា វៀតណាមបានឃុំឃាំងអ្នកទោសនយោបាយយ៉ាងហោចណាស់១៦៣នាក់ ហើយរដ្ឋាភិបាលវៀតណាមកំពុងចូលរួមក្នុងការបង្ក្រាបប្រឆាំងនឹងអ្នកសរសេរប្លុក អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស និងសកម្មជន។ យ៉ាងណា រដ្ឋាភិបាល​វៀតណាម​បដិសេធ​ការ​ប្រព្រឹត្ត​លើការ​រំលោភ​សិទ្ធិមនុស្ស។

ទន្ទឹមគ្នានេះ ក្រសួងការបរទេសអាម៉េរិកបានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖«យើងមានបញ្ហាជាពិសេសចំពោះការកាត់ទោសរយៈពេល ១៣ឆ្នាំថ្មីៗនេះរបស់លោក Y Krec Bya ដែលជាអ្នកឃោសនាសន្តិភាពសម្រាប់សេរីភាពខាងសាសនា ឬជំនឿនៅក្នុងប្រទេសវៀតណាម។ យើងក៏បន្តមានការព្រួយបារម្ភចំពោះការជាប់ពន្ធនាគារច្រើនឆ្នាំរបស់លោក Nay Y Blang, លោក Danh Minh Quang, លោក Thach Cuong និង លោក To Hoang Chuong ចំពោះការតស៊ូមតិដើម្បី​ទាមទារសិទ្ធិដោយសន្តិវិធី រួមទាំងសេរីភាពខាងសាសនា ឬជំនឿនៅប្រទេសវៀតណាម»។ ជុំវិញបញ្ហានេះ ក្រសួងដដែលបានអំពាវនាវឱ្យវៀតណាមដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់

កួររំឭកថា លោក បៃឌិន បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីឆ្នាំមុន ហើយលោកក៏បានលើកឡើងពីការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅប្រទេសនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតស៊ូមតិដើមម្បីសិទ្ធិបានចោទប្រកាន់រដ្ឋបាលលោក បៃឌិន ពីការបិទបញ្ហាសិទ្ធិ នៅពេលលើកឡើងអំពីការដោះស្រាយជាមួយដៃគូអាស៊ីដូចជាវៀតណាម និងឥណ្ឌា រដ្ឋធានីទីក្រុងវ៉ាស៊ីនតោនមានទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏សំខាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត