
ខេត្តក្រចេះ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តក្រចេះ រួមមាន៖ ស្រុកចិត្តបុរី, ស្រុកឆ្លូង និងទីរួមក្រុងក្រចេះ ថាមានសកម្មភាពបើកល្បែងភ្នាល់អនឡាញកក្រើកឡើងវិញហើយ ក្នុងនោះល្បែងជល់មាន់អនឡាញផ្ទុះឡើងខ្លាំងវិញ ក្រោយអាជ្ញាធរខេត្តចុះបង្ក្រាបបានមួយដង្ហើមចង្រិត កាលពីពេលកន្លងមក...។

ប្រភពពីប្រជាពលរដ្ឋបានថ្លែងប្រាប់ភ្នាក់ងារ SBM News ឱ្យដឹងនៅល្ងាចថ្ងៃអង្គារទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា ការបើកឱ្យមានការលេងល្បែងភ្នាល់ជល់មាន់អនឡាញ យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាក្រុង-ស្រុកទាំងបីខាងលើនេះ គឺដោយសារម្ចាស់ទីតាំងបើកល្បែងភ្នាល់អនឡាញខាងលើ បង់លុយប្រចាំខែឱ្យអាជ្ញាធរសមត្ថកិច្ចចម្រុះដូចជា៖ ប៉ូលិស ប៉េអឹម និងមន្ត្រីខេត្តគ្រាក់ៗតាមលំដាប់ថ្នាក់ជាកញ្ចប់ ទើបបានជាពួកគេហ៊ានបើកកន្លែងលេងល្បែងភ្នាល់យ៉ាងបើកចំហបែបនេះ។ នៅតាមរោងកាហ្វេមួយចំនួនក្នុងក្រុងក្រចេះ មានដំណើរការល្បែងភ្នាល់អនឡាញនេះយ៉ាងសកម្ម និងគ្មានអាជ្ញាធរសមត្ថកិច្ចណាចាត់វិធានការចុះបង្ក្រាបនោះឡើយ ពោលគឺពួកគេបើកបានយ៉ាងរលូន និងគ្មានការអើពើពីសំណាក់អាជ្ញាធរមូលដ្ឋានទេ។

ចំពោះក្រុងក្រចេះ មានទីតាំងជាច្រើនបើកលេងល្បែងភ្នាល់បិទបាំងក្នុងទម្រង់លាក់ការដែរ ប៉ុន្តែសម្រាប់ស្រុកធំៗទាំងពីរខាងលើវិញ គឺបើកជាចំហ និងរីកស្គុះស្គាយពេញទីរួមស្រុកតែម្ដង។ ជាក់ស្តែង ទីតាំងទី១.ហាងកាហ្វេផ្ទះតាម៉ៅ ផ្សារអង្គរ និងទីតាំងទី២.ហាងកាហ្វេផ្ទះតាង៉ែត ក្បែរផ្ទះពេទ្យអួកនៅម្តុំផ្លូវមាត់ទន្លេ ទៅផ្សារអង្គរ ក្រុងក្រចេះ។ ចំណែកស្រុកចិត្របុរី៖ ទីតាំងទី១.ជិតរបងរោងម៉ាស៊ីនអារឈើចាស់។ និងនៅស្រុកឆ្លូង៖ ទីតាំងទី១.ក្បែរស្ពានព្រែកឆ្លូង ផ្លូវចូលខាងឆ្វេងដៃ និងទីតាំងទី២.កាហ្វេក្បាលស្ពានពង្រ នៅខាងស្តាំដៃ និងមានហាងកាហ្វេជាច្រើនទៀត ដែលបានបើកបង្កប់ល្បែងភ្នាល់អនឡាញផ្សេងៗ និងល្បែងភ្នាល់ជល់មាន់។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋបានស្នើសុំដល់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជួយចាត់វិធានការក្ដៅលើករណីនេះផង ខណៈកូនចៅរបស់លោកនៅតាមបណ្តាក្រុងស្រុកខាងលើ ហាក់ត្រូវថ្នាំសណ្តំរបស់ម្ចាស់ហាងភ្នាល់ល្បែងឃទាំងអស់នោះហើយ បានជាមិនមានសកម្មភាពចុះបង្ក្រាបទីតាំងមាន់ជល់អនឡាញខុសច្បាប់ជាច្រើនកន្លែង ដែលស្ថិតក្នុងដែនដីរបស់ខ្លួន ឬមួយក៏មន្ត្រីទាំងនោះ ទទួលបានលាភសក្ការដូចការលើកឡើងរបស់ម្ចាស់បើកអាជីវកម្មខុសច្បាប់ខាងលើពិតមែនក៏មិនដឹង បានជាមិនហ៊ានចុះអនុវត្តច្បាប់បែបនេះ...?

ពលរដ្ឋឱ្យដឹងបន្តថា ការបើកឱ្យមានលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានពួកគាត់រស់នៅបែបនេះ គឺបានបង្កផលប៉ះពាល់ច្រើនណាស់ដល់សង្គមជាតិ ជាពិសេសបានបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ, ករណីចោរលួច ឆក់ប្លន់ និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ផ្ទុយពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យភូមិ-ឃុំនៅតាមមូលដ្ឋានមានសុខសុវត្ថិភាព រហូតបានដាក់ចេញនូវបទបញ្ជាក្ដៅដល់អភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លើការចុះបង្ក្រាប និងបិទល្បែងស៊ីសង និងល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យខាងតែបានផងដែរ...៕ រាយការណ៍ដោយ៖ភ្នាក់ងារខេត្តក្រចេះ




