សម្តេចធិបតីអំពាវនាវឱ្យរួមគ្នាការពារកុមារពីការកេងប្រវញ្ចនិងការរំលោភបំពានគ្រប់ទម្រង់ពិសេសតាមប្រព័ន្ធអនឡាញ
K
Kimhuoy K.
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបដិវត្តកម្មឌីជីថល» និង «រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការរួមគ្នាការពារកុមារមិនឱ្យធ្លាក់ចូលទៅក្នុងការកេងប្រវញ្ចានិងការរំលោភបំពានគ្រប់ទម្រង់ ជាពិសេសតាមប្រព័ន្ធអនឡាញ។ មិនតែប៉ុណ្ណោះ សម្តេចធិបតីក៏ស្នើឱ្យរួមគ្នាលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង ក្នុងយុគសម័យសេដ្ឋកិច្ចនិងសង្គមឌីជីថល និងពួតដៃគ្នានៃកម្លាំងសេវាសង្គមក្នុងវិស័យកិច្ចការពារកុមារដើម្បីជាការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍កុមារ។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានាឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា។ បន្ថែមពីនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីជួបជុំថ្នាក់ជាតិនិងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់កុមារនៅរាជធានីភ្នំពេញ។

Photo: The Guardian 
Photo: The Guardian 

គួររំលឹកផងដែរថា កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិឡើងក្នុងគោលបំណងលើកកម្ពស់និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារការការពារកុមារពីបញ្ហាប្រឈមនឹងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត