យោធាកម្ពុជា-ចិន បិទបញ្ចប់សមយុទ្ធនាគមាស លើប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ និងចាប់ជំរិតនាវាដឹកទំនិញ
អាន ប៊ុនរ័ត្ននៈ
27 ឧសភា 2024 08:00 AM

ខេត្តព្រះសីហនុ៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើលម្ហផ្ទៃសមុទ្ទកម្ពុជាក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទបញ្ចប់នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះហើយ...។

សមយុទ្ធផ្លាស់ប្ដូរបទពិសោធនៃកងទ័ពប្រទេសទាំងពីរនេះ រក្សាបាននូវកិច្ចការប្រតិបត្តិការល្អ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពិធីបិទសមយុទ្ធលើលម្ហសមុទ្ទនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន។

លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើកដំបូងរវាងកងទ័ពកម្ពុជា-ចិន ធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា និងមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ ប្រើប្រាស់នាវាចំនួន១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

សមយុទ្ធជើងទឹក រៀបចំធ្វើលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុចែកជា៣ក្រុម រួមមាន៖ ក្រុមទី១៖ នាវាលេខ១១៤១ (នាវាបម្រើការ) ធ្វើដំណើរខាងស្តាំនាវាប្រតិបត្តិការ នៃក្រុមទី២ ដើម្បីថតរូបភាព, នាវាលេខ៩៨៥ គឺជានាវាបញ្ជា។ ក្រុមទី២៖ នាវាលេខ១១៤៣-១១០៧-៦២៣-៦២៥-១១០៨-១១០៩ ជានាវាប្រតិបត្តិការហ្វឹកហ្វឺន និងក្រុមទី៣៖ អូប័រ RHIB (គ.ជ.ស.ស) ចំនួន២គ្រឿង សម្រាប់បម្រើការ។ ចំពោះខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះ ក៏មានផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone)។ សមយុទ្ធនេះ ក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនេះ នឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធនែការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការណ៍ពារសន្តិភាពក្នុងតំបន់។ បើតាមការគ្រោងទុកកងទ័ពកម្ពុជា-ចិន បានរៀបចំពិធីបិទសមយុទ្ធ កងទ័ពជើងទឹក«នាគមាស-ឆ្នាំ២០២៤» រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅលើដែនសមុទ្ទកម្ពុជា។

សូមបញ្ជាក់ផងដែរ ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ ដែលកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន សហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធ រក្សាបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត បង្កើតទំនុកចិត្តកាន់តែរឹងមាំ នឹងបន្តជំរុញអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមនានា ក៏ដូចជារួមចំណែកកាន់តែសំខាន់ក្នុងបុព្វហេតុការណ៍ពារសន្តិភាពក្នុងតំបន់។ សមយុទ្ធនាគមាស លើកទី៦ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានកងទ័ពចូលរួមហ្វឹកហ្វឺនប្រមាណជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារយោធាទំនើបៗជាច្រើនទៀត ចូលរួមធ្វើសមយុទ្ធ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»..៕
រាយការណ៍ដោយ៖ ភ្នាក់ងាព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត