មាសបន្តឡើងថ្លៃឥតឈប់ឈរ តើគួរលក់យកចំណេញពេលនេះ ឬទិញចូលទុកចំណេញច្រើនទៀតទៅអនាគត?
វុធ ច័ន្ទតារា
25 មេសា 2024 05:00 AM

រាជធានីភ្នំពេញ៖ ចាប់តាំងពីដើមឆ្នាំ២០២៣មក មាស ទាំងទីផ្សារក្នុងស្រុក និងនៅទីផ្សារពិភពលោក បាននិងកំពុងបន្តឡើងថ្លៃឥតឈប់ឈរ។ មានកត្តាជាច្រើនដែលបណ្តាលឱ្យមាសឡើងថ្លៃខ្លាំង ប៉ុន្តែថ្ងៃនេះ យើងមិនផ្តោតសំខាន់ពីដើមចមនៃការឡើងថ្លៃរបស់វាទេ យើងចោទជាសំណួរថា តើពលរដ្ឋគួរលក់មាសចេញនៅពេលនេះ ដើម្បីយកចំណេញដែរទេ? ឬមួយទុកសិន ឬទិញចូលថែមទៀត ដើម្បីទុកយកចំណេញនៅថ្ងៃអនាគត? អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងទីផ្សារមាសនៅកម្ពុជា ផ្តល់ជាយោបល់ដូចខាងក្រោម៖

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានប្រាប់ SBM News តាមប្រព័ន្ធតេលេក្រាម ដោយផ្តល់យោបល់ថា ពលរដ្ឋ ឬអាជីវករ កំពុងមានមាសនៅក្នុងដៃដែលពួកគេបានទិញទុកអំឡុង មាសមានតម្លៃថោកកាលពីមុន អាចលក់ចេញនៅពេលនេះ ដើម្បីយកប្រាក់ចំណេញសិនដែរ។ ជាក់ស្តែង អ្នកជំនាញរូបនេះ បានឱ្យដឹងថា មាសបន្តឡើងថ្លៃឥតឈប់ឈរចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២៣ ក្នុងតម្លៃជាង២២០០ដុល្លារ ក្នុងមួយតម្លឹង រហូតដល់ពេលនេះ គឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺជាង២៩០០ដុល្លារ។ យ៉ាងណាមិញ ទីផ្សារជួញដូរមាសមិនមានស្ថិរភាពទេ។ ក្នុងន័យនេះអ្នកជំនាញបានទាញសញ្ញាថា មាសអាចឡើងចុះតិច ឬច្រើនបានគ្រប់ពេល និងរាល់ថ្ងៃ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

លោក ឡុង សំណាង បាននិយាយថា៖​«ហាងឆេងមាសមិនប្រាកដថា ឡើងរហូតទេ វាក៏មានការធ្លាក់ចុះខ្លះដែរ ជាក់ស្តែងដូចជាពីរថ្ងៃនេះ គឺនៅថ្ងៃទី២៣ និង២៤[មេសា] តម្លៃហាងឆេងមាសចុះជាង១០០ដុល្លារឯណោះ ក្នុងមួយតម្លឹង អ៊ីចឹងឥឡូវនេះនៅសល់តែជាង២៨០០[ដុល្លារ]តិចតួច»។ ហេតុនេះហើយ​បងប្អូនប្រជាពលរដ្ឋ និងអាជីវករអាចលក់ទិញ-ទិញលក់ទៅវិញទៅមកក៏បានចំណេញដូចគ្នាដែរ។ ប៉ុន្តែអ្នកតាមដានទីផ្សាររូបនេះ​ ក្រើនរំឭកឱ្យពលរដ្ឋតាមដានរាល់ទីផ្សារនៃការប្រែប្រួលតម្លៃមាស ពិសេសតាមដានព្រឹត្តិការណ៍ ភូមិសាស្ត្រនយោបាយ និងព្រឹត្តិការណ៍នានាក្នុងពិភពលោក ដែលអាចធ្វើឱ្យហាងឆេងមាសប្រែប្រួល។​

នៅចំពោះមុខការបន្តឡើងថ្លៃរបស់មាសប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរូបនេះ បានផ្តល់យោបល់ដល់អ្នកមានធនធានច្រើន គួរតែទិញមាសនៅពេលនេះ ទោះបីកំពុងឡើងថ្លៃក៏ដោយ ពោលគឺដើម្បីវិនិយោគរយៈពេលវែង នៅពេលដែលមាសបន្តឡើងថ្លៃរហូតដល់តម្លៃជាង៣០០០ដុល្លារក្នុងមួយតម្លឹង។ ការអះអាងដូច្នេះ ដោយសារតែលោក សំណាង យល់ឃើញថា ឱកាសដែលហាងឆេងមាសបន្តឡើងថ្លៃទៀត គឺមានច្រើន ស្របពេលដែលសេដ្ឋកិច្ចពិភពលោក និងភូមិសាស្ត្រនយោបាយមិនមានស្ថិរភាពដូច្នេះ។ សូមជម្រាបថា ហេងឆេងមាសនៅកម្ពុជា គិតត្រឹមថ្ងៃទី២៥មេសា ឆ្នាំ២០២៤នេះ មានតម្លៃលក់ចេញ២៨០០ដុល្លារក្នុងមួយតម្លឹង និងទិញចូលវិញក្នុងតម្លៃ២៧០០ដុល្លារក្នុងមួយតម្លឹង៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត