រលកកម្ដៅក្ដៅខ្លាំងក្នុងប្រទេសថៃ ធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមចូលទៅក្នុងទីផ្សារចិនកើនឡើង
N
Nary Vann
27 ឧសភា 2024 08:30 PM

រាជធានីបាងកក៖ រលកកម្តៅដែលកំពុងដុតកម្លោចប្រទេសថៃ ក្នុងខែមេសា និងឧសភា អាចកាត់បន្ថយការផលិតទុរេន ដែលអនុញ្ញាតឱ្យវៀតណាមបង្កើនការផ្គត់ផ្គង់ដល់ប្រទេសចិន។

ប្រទេសថៃបានកត់ត្រាសីតុណ្ហភាពក្ដៅខ្លាំង៤៤,២អង្សាសេ ធៀបនឹងកំណត់ត្រា ៤៤,៦អង្សាសេកាលពីឆ្នាំមុន។ ឆ្នាំនេះ ប្រទេសថៃបានកត់ត្រាមនុស្សចំនួន៦១នាក់ បានបាត់បង់ជីវិតដោយសារតែកម្តៅ ខ្ពស់ជាងចំនួនសរុបក្នុងឆ្នាំ២០២៣។ កម្តៅក្ដៅខ្លាំងបណ្តាលឱ្យសំបកទុរេនប្រេះ ឬស្ងួតសរសៃនៅក្នុងផ្លែទុរេន ដែលនាំឱ្យវាលក់ក្នុងតម្លៃទាបជាងទីផ្សារ។ ទន្ទឹមគ្នានោះ កសិករ​បាន​រាយការណ៍​ថា កម្តៅ​នេះ​ធ្វើ​ឱ្យ​ទុរេន​ទុំ​លឿន​ជាង​មុន ដែល​ធ្វើឱ្យវាមិនអាចលូតលាស់ដល់ទំហំពេញលេញ និង​កាត់​បន្ថយ​តម្លៃ​ទីផ្សារ។ យោង​តាម​រដ្ឋបាល​គយ​ទូទៅ​របស់​ប្រទេស​ចិន​ ក្នុង​ខែ​មេសាតម្លៃ​នាំចូល​របស់​ចិន​សម្រាប់​ទុរេន​ថៃ​គឺ៥,៨០ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ផ្ទុយ​ទៅ​វិញទុរេន​វៀតណាម​មាន​តម្លៃ៤,២២ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

ការនាំចេញទុរេនថៃទៅប្រទេសចិនក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ បានបាត់បង់ ៤៩ភាគរយនៃតម្លៃរបស់ពួកគេ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ គ្រោះរាំងស្ងួតអាចកាត់បន្ថយទិន្នផល ដែលអាចកាត់បន្ថយផលិតកម្មទុរេនរបស់ប្រទេសថៃអស់៤២ភាគរយ នៅឆ្នាំនេះ ឬប្រហែល៥សែន៤ម៉ឺនតោន។ គ្រោះរាំងស្ងួត និងរលកកម្ដៅរបស់ប្រទេសថៃ បានបង្កើនថ្លៃដើមផលិតទុរេន ដែលបណ្តាលឱ្យកសិករចំណាយប្រាក់កាន់តែច្រើន លើការដឹកជញ្ជូនតាមផ្លូវទឹក។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុននាំចេញរបស់វៀតណាម ដែលទទួលបានការអនុញ្ញាតឱ្យលក់ទុរេនស្រស់នៅក្នុងប្រទេសចិនកាលពី៣ឆ្នាំមុន ទទួលបានអត្ថប្រយោជន៍ពីការសន្សំថ្លៃដើម តាមរយៈការដឹកជញ្ជូនផ្លែឈើឆ្លងកាត់ច្រកព្រំដែនតាមផ្លូវគោក។

កត្តា​នេះ​នាំ​ឱ្យ​តម្លៃ​ទុរេន​វៀតណាម​ធ្លាក់​ចុះ ដោយ​តម្លៃ​ទុរេន​វៀតណាម​នាំ​ចូល​របស់​ចិន​គឺ​ទាប​ជាង​ទុរេន​ថៃ២៧ភាគរយ។ ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ចេញ​ទុរេន​ចំនួន៣៦៨០០តោន​ទៅ​ប្រទេស​ចិន ធៀប​នឹង១៧៩០០តោន​ពី​ប្រទេស​ថៃ។ ប្រទេសថៃ បានរក្សាចំណែកទីផ្សារ៦៦ភាគរយ នៅក្នុងប្រទេសចិនក្នុងអំឡុងពេល៤ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែចំណែករបស់វៀតណាមតាមតម្លៃបានកើនឡើង៨២ភាគរយ។ កសិករវៀតណាម បានអនុវត្តបច្ចេកទេសថ្មីដោយជោគជ័យក្នុងការដាំទុរេន ហើយកាលពីឆ្នាំមុន ប្រទេសចិនបានទិញទុរេនពីប្រទេសវៀតណាមក្នុងតម្លៃ២,១ពាន់លានដុល្លារ ហើយតួលេខអាចឈានដល់៣ពាន់លានដុល្លារនៅឆ្នាំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត