អគារកាស៊ីណូជិនបុី៤ ដែលធ្លាប់មានរឿងអាស្រូវអាជីវកម្មអនឡាញខុសច្បាប់ និងបង្កប់សេវាកម្មផ្លូវភេទ ពេលនេះផ្ទុះរឿងបុគ្គលិកជនជាតិឥណ្ឌាតវ៉ាសាជាថ្មី
អាន ប៊ុនរ័ត្ននៈ
22 ឧសភា 2024 01:00 PM

ខេត្តព្រះសីហនុ៖ ថ្លែងប្រាប់ភ្នាក់ងារ SBM News ប្រចាំខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២១ឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញដែលបានចុះទៅបង្ក្រាបជនបរទេសរាប់សិបនាក់នៅអគារកាស៊ីណូជិនបុី៤ ក្រោយមានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធ និងមានមនុស្សស្លាប់ គឺជាករណីជម្លោះរវាងជនជាតិឥណ្ឌាគ្នាឯង ដែលចង់ផ្លាស់ប្ដូរកន្លែងធ្វើការថ្មី...។

ប្រភពពីសមត្ថកិច្ច បានផ្តល់ព័ត៌មានបឋមថា ករណីនេះស្ថិតក្នុងការបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ ដូច្នេះ សមត្ថកិច្ចមិនទាន់អាចប្រាប់លម្អិតបានទេ ប៉ុន្តែចំពោះហេតុការណ៍ដែលបានកើតឡើងនៅអគារជិនបុី៤ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២០ឧសភា ឆ្នាំ២០២៤ គឺអាចប្រាប់ជាបឋមថា ជាករណីជម្លោះរវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាគ្នាឯង និងមិនមានការផ្ទុះអាវុធ ឬមានមនុស្សស្លាប់ដូចការចែកចាយសារសំឡេងក្នុងគ្រុបតេឡេក្រាមឡើយ។ បើតាមការស៊ើបអង្កេតបឋម ជម្លោះនេះ បណ្តាលមកពីពួកគេ(បុគ្គលិកឥណ្ឌា)មួយចំនួនមិនចង់ធ្វើការនៅកន្លែងខាងលើ ទើបផ្តើមឱ្យមានការតវ៉ារបស់ជនជាតិឥណ្ឌាមួយចំនួន ចង់ចាកចេញទៅរកកន្លែងធ្វើការថ្មីប៉ុណ្ណោះ។ 

សូមរំឭកថា កាលពីក្បាលប្រលប់ថ្ងៃទី២០ឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរាយការណ៍ថា មានករណីផ្ទះអាវុធបាញ់រះ នៅទីតាំងកាសុីណូមួយកន្លែង បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់។ ភ្លាមៗ ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងខាងលើ និងចុះធ្វើការស្រាវជ្រាវ ឡោមព័ទ្ធទីតាំងកាសុីណូឈ្មោះជិនបុី៤ និងប្រមូលបានជនបរទេសជាច្រើននាក់យកទៅសួរនាំ។ ភ្លាមៗសមត្ថកិច្ចបញ្ជាក់ថា៖«ករណីខាងលើ ពុំមានផ្ទុះអាវុធ ឬមានមនុស្សស្លាប់ និងរងរបួសដូចអ្វីដែលជាសារសំឡេងប្រជាពលរដ្ឋរាយការណ៍ និងផ្ញើសារតៗគ្នាក្នុងគ្រុបតេឡេក្រាមទេ។ ពួកគេគ្រាន់តែមានរឿងបញ្ហាការងារក្នុងក្រុមហ៊ុនប៉ុណ្ណោះ»។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្ន ជនបរទេសខាងលើកំពុងឃាត់ខ្លួនទុកនៅស្នងការនគរបាលខេត្តព្រះសីហនុ រង់ចាំធ្វើការសួរជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា អគារជីងប៉ី៤ ហៅអគារខ្មៅ ធ្លាប់មានអតីតបុគ្គលិកបម្រើការងារនៅទីនោះ បង្ហើបប្រាប់ឱ្យអង្គភាពសារព័ត៌មាន SBM News ដឹងថា ទីតាំងខាងលើជាអគារបណ្តុំអាជីវកម្មជាច្រើនបង្កប់នៅខាងក្នុងដែលរួមមាន៖ «កាស៊ីណូសម្រាប់មនុស្សលេងផ្ទាល់ កាស៊ីណូអនឡាញ ហាងលក់ទំនិញ ហាងផឹកស៊ី ឌីស្កូថេក សណ្ឋាគារលំដាប់ផ្កាយ សេវាកម្មជួញដូរផ្លូវភេទ ហាងម៉ាស្សា អាហារដ្ឋាន ។ល។» ជាមួយគ្នានោះ អគារមួយនេះ ក៏មានការបង្ខាំងមនុស្សចម្រុះជាតិសាសន៍បង្ខំឱ្យធ្វើការលើសកម្រិតផងដែរ កាលពីអំឡុងឆ្នាំ២០២២។ ដោយសារតែ អគារជីងប៉ី៤ ជាទីកន្លែងបណ្តុំអាជីវកម្មចម្រុះ ទើបមានថៅកែធំៗមកពីបរទេសបណ្តាក់ទុនរកស៊ីជាច្រើនរួមមាន៖ ជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និងថៅកែមកពីវៀតណាម នាំគ្នាមកបើកអាជីវកម្មក្នុងអគារជីងប៉ី៤ ដោយមានទាំងស្របច្បាប់ និងខុសច្បាប់។

ចំពោះបុគ្គលិកបម្រើការងារនៅក្នុងអគារនោះវិញ ក៏មានចម្រុះជាតិសាសន៍ដូចគ្នានឹងថៅកែទាំងអស់នោះដែរ ដែលរួមមាន៖ ជនជាតិខ្មែរ ចិន វៀតណាម ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា និងម៉ាឡេស៊ីជាដើម។ ពួកគេទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅអគារទេ ហើយបើមានតម្រូវការចង់ទិញអីវ៉ាន់ប្រើប្រាស់ពីខាងក្រៅ គឺត្រូវបញ្ជាទិញតាមក្រុមម៉ូតូដឹកជញ្ជូនចល័ត ហើយត្រូវយកមកទុកនៅកន្លែងឆ្មាំចាំយាមច្រកទ្វារចេញ-ចូល ទើបឆ្មាំកំណត់ឈ្មោះអ្នកដែលបញ្ជាទិញឱ្យចុះមកទទួលយកបន្ត។ ចំណែកជនជាតិចិន ឬជនបរទេសផ្សេងទៀតដែលជាអតិថិជន ចូលទៅលេងកម្សាន្តនៅក្នុងអគារជីងប៉ី៤ នោះវិញ ក៏ត្រូវឆ្មាំការពារនៅមាត់ទ្វារត្រួតពិនិត្យទាំងពេលចេញ និងពេលចូល ពុំនោះទេឆ្មាំការពារនឹងមិនអនុញ្ញាតឱ្យចូលទៅខាងក្នុងឡើយ ពោលគឺលើកលែងតែភ្ញៀវលំដាប់ VIP ដែលរាល់ពេលចេញ-ចូល មានរថយន្តក្រុមហ៊ុនដឹកជញ្ជូនទៅមក ទើបគ្មានការត្រួតពិនិត្យលម្អិត។

ប្រភពខាងលើបន្តថា ចំពោះបុគ្គលិកបម្រើការងារផ្នែកកាស៊ីណូអនឡាញវិញ គឺថៅកែឱ្យរស់នៅក្នុងកន្លែងធ្វើការនៃអគារនោះផ្ទាល់តែម្ដង។ ពួកគេត្រូវបានថៅកែបង្ខាំងមិនឱ្យចេញក្រៅ គ្មានសេរីភាព គ្មានការតវ៉ា និងធ្វើការងារលើសកំណត់ បើមានគម្រោងចង់ឈប់ គឺត្រូវធ្វើការយ៉ាងតិចបំផុតក៏១ឆ្នាំដែរ ឬក៏ត្រូវគេផ្ទេរយកទៅធ្វើការនៅកន្លែងផ្សេងក៏មាន។ កន្លងមក មានបុគ្គលិកខ្មែរខ្លះបានកុហកទៅអ្នកគ្រប់គ្រងរបស់ខ្លួន ដោយក្លែងថា គ្រួសារមានធុរៈបន្ទាន់ ដូចជា បងប្អូនស្លាប់ ឬមានករណីអ្វីពិសេស ទើបពួកគេឱ្យឈប់ទៅស្រុកកំណើត (សម្រាប់បុគ្គលិកខ្មែរ) តែប្រាក់ខែ ត្រូវថៅកែដកអស់មួយចំនួន ដើម្បីឱ្យបុគ្គលិករូបនោះត្រឡប់មកវិញ។ ប៉ុន្តែបើចំពោះជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬជនបរទេសផ្សេងទៀត ជាបុគ្គលិកដូចជនជាតិខ្មែរដែរ គឺកម្រនឹងឃើញចេញក្រៅបានណាស់។ ដូច្នេះ ករណីក្រុមបុគ្គលិកឥណ្ឌាឈ្លោះគ្នាតវ៉ាចង់ចេញទៅធ្វើការនៅកន្លែងផ្សេងនេះ អាចជាករណីបង្ខំឱ្យពួកគេធ្វើការហួសកម្រិតដូចករណីកន្លងមកក៏អាចថាបាន...៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត