
រាជធានីភ្នំពេញ៖ កាមេរ៉ារាប់សិបគ្រឿងតម្រង់មករកតារាសម្ដែង និងអ្នកច្នៃម៉ូតជួរមុខកម្ពុជា ដែលពួតដៃគ្នាច្នៃឈុតរំលេចអត្តសញ្ញាណជាតិ ដួងព្រលឹងសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តដ៏ធំបំផុតលើពិភពលោក នៅទីក្រុងកាន ប្រទេសបារាំង..។

សិល្បករខ្មែរជាច្រើនរូប កំពុងបង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes លើកទី៧៧ នៅឯប្រទេសបារាំង ខណៈអ្នកគាំទ្រចាត់ទុកថា នេះជាមោទកភាពសម្រាប់ជាតិខ្មែរ បង្ហាញសិល្បៈវប្បធម៌ខ្មែរដ៏មានតម្លៃទៅកាន់ពិភពលោក។ ជាក់ស្ដែង តារាស្រីជួមុខកម្ពុជា ស៊ីន យូប៊ីន នៅថ្ងៃទី៣ បានឈរលើកម្រាលព្រំ Cannes film festival លើកទី៧៧ ដោយគ្រងឈុត «នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក» ច្នៃម៉ូដដោយ Designer ខ្មែរ លោក អូលីវ៉ា គង់។ «នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក» មានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ ដោយឈុតនេះ មិនមែនច្បាំងតែលើសឹកសង្គ្រាម តែច្បាំងនឹងចំណេះវិជ្ជា ច្បាំងនឹងភាពទន់ខ្សោយ និងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា។

ឈុតនេះដែរ យូប៊ីន ក៏ចង់បង្ហាញពីភាពរឹងមាំ តែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្ត្រីខ្មែរ ដោយមានការបូកបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ មិនខុសគ្នាពីតារាស្រីរូបនេះ សិល្បការិនី មាន សូនីតា ដែលគ្រប់គ្នាឱ្យនាមថា «រាជិនីក្រមា» បានគ្រងឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាំតាមរចនាបថបុរាណទំនើប។ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានោះ កំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ ក៏បានគ្រងឈុតមានឈ្មោះថា «សមរាត្រីបរមវិស្ណុលោក» ឈុតនោះបង្ហាញអំពីល្ខោនស្បែកខ្មែរ និងរូបប្រាសាទអង្គរវត្ដនៅពេលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទ។ ប្រជាជនកម្ពុជា ពិតជាមានមោទកភាពចំពោះសិល្បករ-សិល្បការិនី ដែលបាននាំយកភាពជាខ្មែរ ទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់៕





