
(សិល្បៈ)៖ មហាជន បានដឹងរួចមកហើយថា តារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាដំបូងគេ ដែលទទួលបានការអញ្ជើញពីប្រ៊េនល្បី Dior ដើម្បីចូលរួមកម្មវិធី Christian Dior Haute Couture Spring Summer 2023 ក្នុងព្រឹត្តិការណ៍ Paris Fashion Week ប្រចាំឆ្នាំ២០២៣ ។

យ៉ាងណាមិញ វត្តមានតារាស្រីរាងតូចច្រឡឹងលំដាប់ប្រទេសរូបនេះ ក្នុងព្រឹត្តិការណ៍អន្តរជាតិពិតជាធ្វើឱ្យសិល្បកររួមអាជីព និងអ្នកគាំទ្រមានមោទកភាពខ្លាំង ចំពោះរូបនាង។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង គឺ យូប៊ិន មិនត្រឹមតែបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី Paris Fashion Week របស់ប្រេន Dior នោះទេ នាងថែមទាំងចូលរួមដើរបង្ហាញម៉ូតឱ្យប្រេន Celia show ថែមទៀតផង ដែលនាងធ្វើបានយ៉ាងល្អ...។

គួរឱ្យដឹងផងដែរថា មុនថ្ងៃបង្ហាញខ្លួនក្នុងកម្មវិធី Christian Dior Haute Couture Spring Summer 2023 ស៊ីន យូប៊ីន បានទៅហ្វឹកហាត់ការដើរបង្ហាញម៉ូដពីលោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ (Oliva Kong) ជាអ្នកច្នៃម៉ូដម្នាក់ដ៏មានទេពកោសល្យ និងពោរពេញដោយភាពច្នៃប្រឌិត ហើយក៏ជាអ្នកជំនាញដើរម៉ូដដ៏ប៉ិនប្រសព្វផងដែរ។ ដូច្នេះ ទើបតារាស្រីរាងតូចច្រឡឹងកំពុងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិរូបនេះ ធ្វើបានយ៉ាងល្អឥតខ្ចោះ និងធ្វើឱ្យកម្ពុជាមានមោទកភាពចំពោះនាងជាខ្លាំង។
សូមបញ្ជាក់ថា តារាសម្តែងស្រីឆ្នើម ស៊ីន យូប៊ីន បានទទួលការអញ្ជើញឱ្យចូលរួមដោយត្រង់ពីប៊្រេនល្បីៗចំនួន២ គឺ Christian Dior និង Celia Kritharioti ដែលរៀបចំឡើងនៅក្នុងប្រទេសបារាំង៕




