
រាជធានីភ្នំពេញ៖ មិនធម្មតានោះទេសម្រាប់ សិល្បករខ្មែរច្រើនរូបដែលកំពុងតែបង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes លើកទី៧៧ នៅឯប្រទេសបារាំង ខណៈអ្នកគាំទ្រចាត់ទុកថានេះជាមោទកភាពសម្រាប់ជាតិខ្មែរ បង្ហាញគ្រាប់ពេជ្រដ៏មានតម្លៃជាច្រើននាក់ នៅលើឆាកអន្តរជាតិ។

សម្រាប់វត្តមានសិល្បករកម្ពុជាទាំងនោះរួមមាន តារាស្រីជួរមុខ ស៊ីន យូប៊ីន និងប្អូនស្រី កញ្ញា ស៊ីន ជេននី បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ផលិតករវ័យក្មេង កញ្ញា រិទ្ធី លំអរពេជ្រ និងកំពូលអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ រួមទាំងតារាម៉ូដែលជាច្រើនរូបផងដែរ។ អ្វីដែលគួរឱ្យគាត់សម្គាល់ តារាសម្ដែងជួរមុខកម្ពុជា ស៊ីន យូប៊ីន ក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes លើកទី៧៧ បានតុបតែងខ្លួនដ៏ប្រណីតចំនួនពីរ ខណៈឈុតទី៣គ្រោងនឹងបង្ហាញជាឈុតបែបខ្មែរ ដែលច្នៃដោយ អូលីវ៉ា គង់ បង្ហាញពីទម្រង់របាំបុរាណខ្មែរដែលមាន ការដាំ ការដុះ ស្លឹកខ្ចី ស្លឹក ចេញផ្ការ ផ្លែ ផ្លែទុំ ផ្លែជ្រុះ សុទ្ធសឹងតែឌិនដោយដៃ។

សូមរំឭកថា ក្នុងថ្ងៃទី១ ស៊ីន យូប៊ីន បានជ្រើសរើសរ៉ូបពណ៌ខ្មៅវែងប៉ោងរបស់អ្នកច្នៃម៉ូដ Michael Cinco ជនជាតិហ្វីលីពីន និងមានមូលដ្ឋាននៅទីក្រុងឌុយបៃ។ ដោយឡែកថ្ងៃទី២ យូប៊ីន បានស្លៀករ៉ូបពណ៌ផ្កាឈូកមានស្បៃនៅពីក្រោយរែងអូសដីទាក់ទាញមនុស្សម្នាដែលបានចូលរួមនៅក្នុងកម្មវិធីផ្ទាល់មិនអាចទម្លាក់ភ្នែកពីនាង។ ភាពទាន់សម័យនៃឈុតពី២នេះ គឺបានមកពីប្រេន joli poli។ រូបរាងដ៏អស្ចារ្យបានបង្ហាញភាពស្រស់ស្អាត ជាគំរូភាពឆើតឆាយនៅកម្រាលព្រំក្រហម Cannes ដែលប្រមូលផ្ដុំទៅដោយការបង្អួត Fashion។ គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលតារាសម្តែងស្រីឆ្នើម យូប៊ីន ទទួលការអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីធំៗតំណាងប្រទេសបែបនេះ។ គេនៅចាំបានថា Cannes លើកទី៧៦ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាងក៏ទទួលការអញ្ជើញឱ្យចូលរួមម្ដងរួចមកហើយ ដោយកាលនោះនាបានធ្វើឱ្យសារព័ត៌មានបរទេសជាច្រើនចាប់អារម្មណ៍ចុះផ្សាយពីកម្ពុជា៕







