
រដ្ឋធានីញូវដែលីៈ អាជ្ញាធរឥណ្ឌាក្នុងរដ្ឋធានី បានបញ្ជាឱ្យបិទសាលារៀននៅដើមរដូវវិស្សមកាលរដូវក្ដៅនេះ បន្ទាប់ពីសីតុណ្ហភាពបន្តឡើងដល់៤៧,៤អង្សាសេ ខណៈរដ្ឋធានីញូវដេលីរងឥទ្ធិពលដោយ «រលកកម្ដៅខ្លាំង»...។

មន្ត្រីក្រុងញូវដេលី បានស្នើឱ្យបិទសាលារៀនជាបន្ទាន់ ដោយសារតែកម្តៅខ្លាំង នេះបើយោងតាមបញ្ជារបស់រដ្ឋាភិបាលដែលដកស្រង់ដោយកាសែត Hindustan Times នៅថ្ងៃអង្គារទី២១ ខែឧសភា។ ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានអំពីលក្ខខណ្ឌរលកកម្តៅធ្ងន់ធ្ងរនៅសប្តាហ៍នេះ ដោយកម្តៅឡើងដល់កំពូល៤៧,៤អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃរដ្ឋធានីញូវដេលីកាលពីថ្ងៃចន្ទទី២០ ខែឧសភា ជាសីតុណ្ហភាពក្ដៅបំផុតទូទាំងប្រទេស។ ទន្ទឹមគ្នានេះ អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត រួមទាំង៖ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនផងដែរ។ តួយ៉ាង ការស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនឆ្នាំ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកម្តៅកាន់តែយូរ ញឹកញាប់ និងយ៉ាប់យ៉ឺនកាន់តែខ្លាំង។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីផលប៉ះពាល់នៃកម្តៅលើសុខភាព ជាពិសេសចំពោះទារក ចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

គួរជម្រាបថា ការបោះឆ្នោតជុំបន្ទាប់នៅក្នុងការបោះឆ្នោតរយៈពេលប្រាំមួយសប្តាហ៍របស់ប្រទេសឥណ្ឌាធ្វើឡើងនៅថ្ងៃសៅរ៍ រួមទាំងនៅរដ្ឋធានីញូវដេលីផងដែរ ខណៈចំនួនអ្នកទៅបោះឆ្នោតបានធ្លាក់ចុះ ដោយអ្នកវិភាគបានលើកឡើងថា អាកាសធាតុក្ដៅជាងធម្មតា គឺជាកត្តាមួយ ក៏ដូចជាការរំពឹងទុកយ៉ាងទូលំទូលាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណេរិនដ្រា ម៉ូឌី នឹងឈ្នះអាណត្តិទីបីយ៉ាងងាយស្រួល។ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃរលកកម្តៅ និងសំណើម មុនពេលការបោះឆ្នោតនីមួយៗមកដល់។

យ៉ាងណាក៏ដោយ រដ្ឋភាគខាងត្បូងរបស់ប្រទេសឥណ្ឌា រួមទាំង៖ តាមីលណាឌូ និងខេរ៉ាឡា ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ គួរបញ្ជាក់ថា ព្យុះបានបោកបក់ខ្លាំង និងបានវាយប្រហារផ្នែកខ្លះនៃប្រទេសកាលពីសប្តាហ៍មុន រួមទាំងនៅក្នុងទីក្រុងម៉ុមបៃ ដែលបានសម្លាប់មនុស្ស១៦នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតជាប់គាំង៕






